សម្ដេច ហ៊ុន សែន ណែនាំមិនត្រូវប្រើប្រាស់ច្បាប់កូវីដ១៩ ទៅលើប្រជាពលរដ្ឋដែលមិនបានអនុវត្តវិធានសុខាភិបាលបានត្រឹមត្រូវនោះទេ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងពីខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមេសានេះ ក្នុងពិធីបដិមាភិសេក និងសម្ពោធផ្លូវការនូវរូបសំណាកព្រះថោង-នាងនាគ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំទៅកាន់អាជ្ញាធរ និងមន្ដ្រីមានសមត្ថកិច្ចទាំងអស់ មិនត្រូវអនុវត្តវិធានសុខាភិបាល សម្រាប់ការលេងកម្សាន្ដនៅក្នុងពេលចូលឆ្នាំនេះទេ ពោលមិនត្រូវប្រើប្រាស់ច្បាប់កូវីដ១៩ ទៅលើប្រជាពលរដ្ឋដែលមិនបានអនុវត្តវិធានសុខាភិបាលបានត្រឹមត្រូវនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់របស់សម្ដេចតេជោបែបនេះ ក្រោយមើលឃើញថា ក្នុងរយៈពេល២ថ្ងៃកន្លងមក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋអនុវត្តមិនបានត្រឹមត្រូវនូវវិធានសុខាភិបាលនោះទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងន័យដើមដូច្នេះថា «ខ្ញុំគ្មានបំណងដាក់បំរាមណាមួយ ទៅលើការលេងកម្សាន្ដរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំនោះទេ ហើយក៏សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំអនុវត្តច្បាប់ទាក់ទងទៅនឹងច្បាប់គ្រប់គ្រងកូវីដ១៩ និងជំងឺឆ្លងដទៃទៀត គឺមិនអនុវត្តនៅក្នុងដំណាក់កាលចូលឆ្នាំ លើកលែងតែមានស្ថានភាពឆ្លងធ្ងន់ធ្ងរ យើងនឹងប្រកាសជូនប្រជាពលរដ្ឋរបស់យើង ដើម្បីផ្អាកការលេង ឬកាត់បន្ថយការលេង ដូច្នេះនៅតាមភូមិឃុំ នៅតាមតំបន់ទេសចរណ៍នានា នៅតែបន្ដដំណើរការធម្មតា»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា អ្វីដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងកាលពីឆ្នាំកន្លងទៅ លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺដើម្បីបានភាពសប្បាយរីករាយនៅពេលនេះ។

សម្ដេចថា កាលពីពេលមុន យើងមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ការពារជំងឺកូវីដ១៩ ប៉ុន្ដែបន្ទាប់ពីស្រោចវ៉ាក់សាំងបានជោគជាំ យើងមានភាពស៉ាំសហគមន៍ និងអាចគ្រប់គ្រងបានលើការឆ្លងជំងឺកូវីដ១៩៕