គយកម្ពុជា និងកូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិ​បត្តិការ​ការ​ងារ​គយ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយសាធារណៈរដ្ឋកូរ៉េ បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគ​​យល់គ្នា ដើម្បីពង្រឹងកិច្ច​សហ​ប្រតិបត្តិការ​និងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការងារគយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក គុណ ញឹម រដ្ឋ​មន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមកម្មវិធី​សប្តាហ៍​គយកូរ៉េ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កិច្ចសហ​ប្រតិបត្តិការគយ និងឌីជីថលគយជាសាកល” ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុង​សេអ៊ូល​​សាធារណៈរដ្ឋកូរ៉េ ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងប្រតិភូនៃរដ្ឋបាល គយនៃប្រទេសចំនួន ៧៥ ព្រមទាំង អង្គការអន្តរជាតិ ផ្នែកឯកជន និងបណ្តាញអន្តរជាតិនៃសាកលវិទ្យាល័យគយ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ ភាគីគយកម្ពុជានិង​គយកូរ៉េ បាន​ឯកភាព​គ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិកា​ររវាង រដ្ឋបាលគយទាំងពីរ ទាំងក្នុងកម្រិតទ្វេ​ភាគី តំបន់ និងពហុភាគី និងគាំទ្រការអនុវត្ត​កិច្ចព្រម​​ព្រៀង​ពាណិជ្ជកម្ម សេរីទ្វេភាគីរវាងព្រះរាជា​ណាចក្រ​កម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ព្រមទាំងឯកភាពគ្នា​រៀប​ចំសិក្ខា​សាលាតាមរយៈ ប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ ក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ទ្វេភាគីរវាងប្រទេសទាំងពីរ ជូនវិស័យឯកជន នាពេលឆាប់ៗ​ខាងមុខ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាត់ទុកថា អនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាយន្ត​ការ​សម្រាប់បើកផ្លូវ​ដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អបន្ថែមទៀត ការចូលរួម​ចំណែក លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការ​ពង្រឹង​ទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការផ្លាស់ប្តូរនិង​​ចែក​​រំលែ​ក​ព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និង ការពង្រឹងកិច្ចសហការផ្តល់ជំនួយ​បច្ចេក​ទេស​ក្នុងការ​កសាង សមត្ថភាពមន្រ្តីនៃរដ្ឋបាលគយទាំងពីរ៕