រាជរដ្ឋាភិបាលសម្រេចផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែ

សង្គម​និង​សេដ្ឋកិច្ច

សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកបណ្តោះអាសន្ននូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល៦ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចផ្អាកការនាំចូលនេះក្រោយពីមានការចាត់តាំងកិច្ចប្រជុំមួយចំនួនជាមួយភាគីពាក់ព័ន្ធស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វនៅកម្ពុជា អំពីបញ្ហាការនាំចូលសាច់បង្កកច្រើនលើទីផ្សារ។

បើតាមសេចក្តីប្រកាស បានបញ្ជាក់ថា ការផ្អាកនាំចូលទាំងនោះរួមមាន គ្រឿងក្នុងសត្វគោ ក្របីបង្កក, គ្រឿងក្នុងសត្វជ្រូក,គ្រឿងក្នុងសត្វមាន់ជាដើម។

វិធានការផ្អាកនាំចូលជាបណ្តោះអាសន្ននេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤(៦ខែ) តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ។

បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្លាប់បានបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាចាប់ផ្តើមមានពន្លឺឡើងវិញនៅក្នុងខែមករា ឆ្នាំ២០២៤នេះ ដោយសាររាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធជួយជំរុញនិងផ្តោតការយកចិត្តទុកដល់មកលើវិស័យចិញ្ចឹសត្វក្នុងស្រុកជាជាងការនាំចូល។ដោយធ្វើយ៉ាងណាជួយរំដោះសាច់ដែលកកស្ទះនៅក្នុងស្រុកឱ្យអស់ ពោលជួយកសិករអាចលក់សត្វរបស់ខ្លួនបានតម្លៃរួចខ្លួន មិនខាតបង់នៅដំណាក់កាលដំបូងៗនេះ។ប្រសិនបើខាងក្រុមហ៊ុននាំចូលសាច់បង្កក ពិតជាចង់ជួយវិស័យចិញ្ចឹមសត្វប្រសើរឡើងវិញ គឺប្រើពេលត្រឹមតែ១ខែ អ្នកចិញ្ចឹមសត្វអាចលក់សត្វបានតម្លៃរួចខ្លួនឬស្មើថ្លៃដើមផលិត ធ្វើឱ្យកសិករលែងរអ៊ូរទំាដូចមុនទៀតហើយ៕