នាយកផ្នែកក្រុមហ៊ុន ជីប ម៉ុង ប្រាប់ពីរបៀបរបបធ្វើការងារ ឱ្យទទួលបានជោគជ័យ

ជុំវិញ​ឧកញ៉ា

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ជីប ម៉ុង និងជានាយកផ្នែក​លក់នៃ​ក្រុម​ហ៊ុន ខ្មែរ ប៊ែវើរីជីស ​​​​បាន​បង្ហើប​ប្រាប់​​ពី​របៀប​ធ្វើការងារ​​របស់​​លោក ដែល​អាច​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវីដេអូឃ្លីប​ដែល​​លោក​បាន​បង្ហោះ​​លើ​ទំព័រ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២២​នេះ លោក​ អ៊ឹម សុធារិទ្ធ ​​បាន​​និយាយ​ថា៖ “តាមពិត​ខ្ញុំ​ធ្វើការ​ទាំងអស់​នេះ​ មិនមែន​ត្រូវ​ជំនាញ​ខ្ញុំ​ទេ ប៉ុន្តែ​​នៅ​តែ​ជោគជ័យ​ដោយសារ​អ្វី? ដោយសារ​តែ​យើង​ដាក់​ចិត្ត​ដាក់​កាយ យើង​មិនមែន​មក​ពី​​ទេវតា​អី​ណា​ទេ ​យើង​ធ្វើការ​ជា​ក្រុម។ ដូចខ្ញុំ​ធ្លាប់​បាន​និយាយ​ចឹង​ថា មិនមែន​ជា​ក្រុម​ល្អ​បំផុត​ទេ តែ​ជា​ក្រុម​ការងារ​ដ៏​ត្រឹមត្រូវ​បំផុត”។

លោកបាន​បន្ត​ថា៖ “ខ្ញុំ​ភាគ​ច្រើន​នៅ​តាម​ទីវាល ដោយសារ​ខ្ញុំ​ដើរ​មើល​ទីផ្សារ ស្ថានភាព​ទីផ្សារ​វា​របៀប​ម៉េច បើ​ប្រៀប​ធៀប​នឹង​​គូ​ប្រជែង​របស់​យើង។ ឥឡូវ​នេះ​ ការ​ប្រកួត​ប្រជែង​គឺ​ខ្លាំង​មែនទែន បើសិន​ជា​យើង​​​មិន​បាន​ទៅ​មើល នោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នឹង​ផ្លាស់ប្តូរ​ច្រើន។ ក្នុង​នោះ​ យើង​ក៏មិន​ចោល​ការិយាល័យ​ដែរ នៅ​ពេល​យើង​ធ្វើ​ផែនការ និង​មាន​ប្រជុំ​ផ្សេងៗ ដែល​កិច្ចការ​នេះ​ជា​កិច្ចការ​សំខាន់។ យើង​ធ្វើ​មេដឹកនាំ​ គឺ​អត់​មាន​ពាក្យ​ថា រវល់ ឬ​ស្ត្រេស​ នោះ​ទេ។ ពេល​ចូលការិយាល័យ​ជួប​បុគ្គលិក អត់​មាន​ថា​រវល់​ណាស់ ស្ត្រេស​ណាស់​ ពេល​យើង​ធ្វើ​ដូចនេះ​ គឺ​ធ្វើ​ឱ្យ​បុគ្គលិក​អត់​មក​ក្បែរ​យើង​បាន​ទេ។ យើង​ត្រូវ​ងើប​ឡើង​ស្វាហាប់​ មក​ធ្វើការ​​ បង្ហាញ​បុគ្គលិក​ទាំង​អស់​ ថា​យើង​មក​ធ្វើការ​ហើយ នៅ​កន្លែង​ធ្វើការ និង​មាន​កម្លាំង​​ពលាំង​ធ្វើ​កិច្ច​ការ​គ្រប់​បែបយ៉ាង​ទាំង​អស់ នោះ​បាន​ហៅ​ថា​មេដឹកនាំ​ល្អ​”។

គួរបញ្ជាក់​ថា ក្រោយឆ្នាំ១៩៧៩ លោក​ អ៊ឹម សុធារិទ្ធ ជា​កូន​កំព្រា​ឪពុក កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ នៅ​ភូមិល្វា ឃុំល្វា ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។ ដោយសារភាពតស៊ូ ឧស្សាហ៍ព្យាយាម និងភាពវៃឆ្លាត ​​លោក​បាន​​ក្លាយ​ជា​និស្សិត​កម្ពុជា​ដំបូង​គេ ដែល​បាន​ជាប់​អាហារូបករណ៍​ Fulbright របស់​សហរដ្ឋអាមេរិក ​​និង​បាន​បញ្ចប់​ការ​សិក្សាកម្រិត​ថ្នាក់​​បណ្ឌិត ​ខាងវិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ នៅក្នុង​សកលវិទ្យាល័យ Ohio កាល​ឆ្នាំ​២០០៩ មុន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​ នៅ​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​នា​ពេល​បច្ចុប្បន្ន។

សូមទស្សនាវីដេអូខាងក្រោម៖