ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ ចាប់ដៃក្រុមហ៊ុនម៉ាឡេស៊ី ប្តេជ្ញារួមគ្នាអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា ហៅកាត់ OCIC និងក្រុមហ៊ុន Eakon Group របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២ ខែសីហា បានចុះ MoU រួមគ្នា ដើម្បីបន្តអភិវឌ្ឍគម្រោង Elysee នៅទីក្រុងកោះពេជ្រ ក៏ដូចជារួមគ្នាពង្រឹង និងពង្រីកវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

MoU នេះត្រូវបានធ្វើឡើងដោយនាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management លោកស្រី លឹម លីជិន និងនាយកគ្រប់គ្រងក្រុមហ៊ុន Eakon Group លោក Dato’ Sri Ricky Yaw និងក្រោមការចូលរួមពីឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា Eldeen Husaini Mohd Hashim និងលោក Charles Vann អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Canadia Group ។

កិច្ចសហការរបស់ OCIC ជាមួយក្រុមហ៊ុន Eakon Group គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី។ ភាពជាដៃគូនេះនឹងជួយសម្រួលដល់ការចែករំលែក និងផ្ទេរជំនាញ និងធនធានរវាងក្រុមហ៊ុន OCIC សម្រាប់គម្រោងពាណិជ្ជកម្ម និងលំនៅដ្ឋានខ្នាតធំ។ លើសពីនេះ ក្រោមកិច្ចព្រមព្រៀងនេះដែរ ក្រុមហ៊ុន Eakon Group នឹងចែករំលែកចំណេះដឹងផ្នែកវិស្វកម្ម ស្ថាបត្យកម្ម និងសំណង់ប្រកបដោយវិជ្ជាជីវៈ និងជំនាញបច្ចេកទេសដល់ទៅ OCIC។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងនេះ ក៏ដើម្បីពង្រឹងកិច្ចសហការក្នុងការសាងសង់គម្រោងក្នុងប្រទេសកម្ពុជាជាមួយនឹងជំនាញ សម្ភារៈ និងសហគមន៍ប្រកបដោយសុវត្ថិភាពក្នុងប្រទេស។

លើសពីនេះ ក្រុមហ៊ុន Eakon Group ក៏នឹងជួយស្វែកអ្នកជួល និងអ្នកវិនិយោគអន្តរជាតិបន្ថែមសម្រាប់គម្រោង Elysee ផងដែរ។លោកស្រី Lychin ថា តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុននឹងមានឱកាសបង្ហាញពីសក្ដានុពលវិនិយោគនៃកម្ពុជា ពិសេសលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ។ ជំនាញស្នូលរបស់ក្រុមហ៊ុនគឺនៅក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ទីក្រុងរណប និងការគ្រប់គ្រងអចលនទ្រព្យ ជាមួយនឹងគម្រោងសំខាន់ៗដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទីក្រុងកោះពេជ្រ កោះនរា និងទីក្រុងរណបជ្រោយចង្វារ និង Olympia City Complex ៕ អត្ថបទ៖ រង្សី