អ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់ថវិកាគាំទ្រដល់កិច្ចការអភិរក្សបណ្ណសារចារឹកជាភាសាចិន

សង្គម​និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម័្ពន្ធខ្មែរ-ចិន នៅកម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា ដើម្បីពិនិត្យមើលបណ្ណសារដែលចារឹកទាក់ទងនឹងជនជាតិចិននៅប្រទេសកម្ពុជាក្នុងសម័យអាណានិគមនិយមបារាំង ដែលកំពុងតម្កល់ទុកនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមើលឃើញពីស្ថានភាពប្រឈមនឹងការពុកផុយនៃបណ្ណសារ អ្នកឧកញ៉ា បានឧបត្ថម្ភថវិកាគាំទ្រដល់កិច្ចការអភិរក្សបណ្ណសារចារឹកជាភាសាចិន ដើម្បីទុកបម្រើជាផលប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវសម្រាប់សមាគមជនជាតិចិននៅកម្ពុជា ក៏ដូចជាសាធារណជន សិស្ស និស្សិតជាតិនិងអន្ដរជាតិ ព្រមទាំងអ្នកស្រាវជ្រាវទូទៅផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ អ្នកឧកញ៉ាបានចែករំលែកបទពិសោធន៍ និងចំណេះដឹងមួយចំនួនទាក់ទងនឹងប្រវត្តិរបស់ប្រជាជនចិននៅប្រទេសកម្ពុជាកាលពីសម័យអានិគមនិយមបារាំង និងសម័យសង្គមរាស្រ្តនិយម ហើយអ្នកឧកញ៉ាក៏បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងទៅលើឯកសារជាភាសាចិនដែលមាននៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

លោកស្រី កែវ សូនី ប្រធានបណ្ណសារដ្ឋានជាតិនៃកម្ពុជា បានស្វាគមន៍វត្តមានអ្នកឧកញ៉ា ពុង ឃាវសែ ដែលបានផ្តល់កិត្តិយស និងចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ច និងបានឧបត្ថម្ភថវិកាសម្រាប់ការងារអភិរក្សបណ្ណសារនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

លោកស្រីគូសបញ្ជាក់ថា កាយវិការ និងសកម្មភាពទង្វើរបស់អ្នកឧកញ៉ាគឺជាគំរូដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ហើយក៏ដូចជាការលើកទឹកចិត្តដ៏ពិសេសពិសាលមួយដល់ថ្នាក់ដឹកនាំនិងមន្រ្តីនៃបណ្ណសារដ្ឋានជាតិបន្ដខិតខំបម្រើការងារឆ្ពោះទៅដល់ចក្ខុវិស័យអភិរក្សបណ្ណសារឱ្យបានឋិតឋេរគង់វង្សជារៀងរហូត។

សូមជម្រាបថា បណ្ណសារដ្ឋានជាតិកម្ពុជា ជាកន្លែងសម្រាប់អ្នកសិក្សាស្រាវជ្រាវទូទៅ ហើយទីនេះជាឃ្លាំងផ្ចុកឯកសាររាប់ម៉ឺនពីកម្ពុជា។ អគារដែលមានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាននេះមានទីតាំងស្ថិតនៅក្រោយបណ្ណាល័យជាតិ ក្នុង សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នពេញ។

បណ្ណសារដ្ឋានជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២៦ និងបើកបម្រើដល់ការសិក្សាស្រាវជ្រាវដល់អ្នកស្រាវជ្រាវជាតិ ព្រមទាំងអន្ដរជាតិជារៀងរហូត (លើកលែងតែក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ ១៩៧៥-១៩៧៩) និងកំពុងបន្តដំណើរការបើករហូតមកដល់បច្ចុប្បន្ន៕