កម្ពុជា-ចិន បន្តសហការគ្នាអភិវឌ្ឍន៍លើកកម្ពស់វិស័យយោធា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈ​កម្មការ​ចម្រុះផ្នែកយោធារវាងកម្ពុជា-ចិន គឺបានពិគ្រោះគ្នាគ្រប់ជ្រុងជ្រោយអំពីផែនការអភិវឌ្ឍន៍ និងការ​រៀប​ចំលើក​កម្រិតសម្រាប់កងយោធពលខេមរភូមិន្ទ ដែលមានការយកចិត្តទុកដាក់ពីកងទ័ពរំដោះប្រជាជនចិនបម្រុងនឹងជួយលើកិច្ចការមួយចំនួន។ ការបញ្ជាក់របស់សម្តេចពិជ័យសេនា ដូចនេះ​​បានធ្វើឡើង ក្នុងដំណើរត្រលប់ពីបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចពិជ័យសេនា បញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដោយសារតែកម្ពុជា-ចិន បានរៀបចំគណៈ​កម្មការ​ចម្រុះផ្នែកយោធាជាមួយគ្នា ហើយ​កិច្ច​ប្រជុំលើកដំបូងរបស់គណកម្មការនេះ​នៅ​ប្រទេសចិន ដើម្បីពិភាក្សាការ​ងារ​ពង្រឹងកិច្ចសហប្រតិបត្តិការ។ ដោយឡែកសម្រាប់កម្ពុជា បានរៀបចំអនុគណៈកម្មការចំនួន២ដែរ គឺអនុគណៈកម្មការសម្រាប់កិច្ចសហប្រតិបត្តិការយោធា និង​អនុគណៈ​កម្មការកិច្ច​ស​ហ​ការ​ប្រតិបត្តិ​ខាងបច្ចេកទេសយោធា។

សម្តេចពិជ័យសេនា សង្កត់ធ្ងន់ថា​ កម្ពុជាស្វាគមន៍ចំពោះមិត្តភក្តិទាំងឡាយនៅក្នុងតំបន់ ក៏ដូចជាពិភពលោក បើសិនជាចង់ជួយអភិវឌ្ឍន៍ ឬជំរុញវិស័យយោធាឱ្យដំណើរការទៅមុខបានជឿនលឿន គឺកម្ពុជាស្វាគមន៍ទាំងអស់។

គួរបញ្ជាក់ថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២២ ។ ទស្សនកិច្ចរបស់សម្ដេចពិជ័យសេនា ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសចិននិងកម្ពុជា។