ទឹកប្រាក់ ៤០លានដុល្លារ ក្រសួងសេដ្ឋកិច្ចប្រមូលចំណូលបានពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២នេះ ខ្លួនប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា មានប្រមាណជិត ៤០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែសីហានេះ បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច ប្រមូលចំណូលពីកម្រៃផ្សេងៗ បានចំនួន ១៤២,២០២.១១លានរៀល ឬប្រមាណជាង ៣៤លានដុល្លារអាមេរិក។

បើតាមបាយការណ៍ ចំណូលប្រមូលបានពីកាតព្វកិច្ចពីល្បែងសរុបមានចំនួន ១៤,៥៧៤.៤៥ លានរៀល ឬប្រមាណជាង៣ លានដុល្លារអាមេរិក ស្មើនឹង ៩.៦៥%នៃផែនការ ក្នុងនោះមាន ចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ មានចំនួនជាង ១២,៦៤១. ៣៨លានរៀល ឬប្រមាណ ៣.១ ដុល្លារ ស្មើនឹង ៨.៥% ធៀបនឹងផែនការ និងចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាង ( ឆ្នោត-ឡូតូ) មានចំនួន ១,៩៣៣.០៧លានរៀល ប្រមាណជាង៤៦ម៉ឺនដុល្លារ ស្មើនឹង ៨២.១៨%ធៀបនឹងផែនការ។

យ៉ាងណាក៏ដោយចុះ  ចំណូល​ពី​វិស័យ​ល្បែង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បន្ត​នៅ​កម្រិត​ទាប​នៅឡើយ​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២២ បើទោះបី​រដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ពេញ​​លេញ​ឡើងវិញ​ តាំងពី​ខែវិច្ឆិកា ​ឆ្នាំ ​២០២១ ជាពិសេស​ការ​បន្ធូរ​​បន្ថយ​កាតព្វកិច្ច​តម្រូវ​ការចូល​មក​សម្រាប់​ភ្ញៀវទេសចរ​ក្តី​។​

តួលេខ​ពី​គណៈកម្មការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច បង្ហាញថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២២ មាន​កាស៊ីណូ​ចំនួន​ ២០ ប៉ុណ្ណោះ​ដែល​បើក​ដំណើរ​​ការ​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​ធ្លាប់​ទទួលបាន​អាជ្ញាប័ណ្ណ​ជាង ​២០០ ធ្វើឱ្យ​ការប្រមូល​ចំណូល​ពី​វិស័យនេះ​ត្រឹម​ឆមាស​ទី​១ គឺ​ប្រមូល​បានត្រឹមតែ​ជាង ៨ ​ភាគ​​រយ​តែប៉ុណ្ណោះ​ បើ​ធៀប​ទៅនឹង​ច្បាប់​ថវិកា​ដែល​តម្រូវឱ្យ​ការរក​ចំណូល​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​ពី​កាស៊ីណូ​ ​ឆ្នោត អាជ្ញា​ប័ណ្ណ​ ត្រូវ​គ្រោង​ចំនួន ១៧៤,២ ពាន់​លាន​រៀល​។ ដោយឡែក​ពី​វិស័យ​ផ្សងសំណាង ប្រមូលបាន​ប្រមាណ ៧៦ ​ភាគរយ ​នៃ​ច្បាប់​ថវិកា​ឆ្នាំ ​២០២២​៕