ក្រុមហ៊ុនរបស់កូរ៉េ ចង់អភិវឌ្ឍន៍ និងវិនិយោគលើវិស័យរ៉ែនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគ លើវិស័យរ៉ែនៅកម្ពុជានាពេលខាងមុខ ខណៈភាគីកូរ៉េក៏បានស្នើឲ្យកម្ពុជា លើកជាគម្រោងសិក្សាលម្អិតបន្ថែមលើវិស័យនេះផងដែរ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងលោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ជាមួយលោក Lee HyuKsang លេខាធិការទី១ នៃស្ថានទូតកូរ៉េប្រចាំកម្ពុជា នាពេលថ្មីៗកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយក្នុងនោះ លោក Lee HyuKsang លេខាធិការទី១ នៃស្ថានទូតកូរ៉េប្រចាំកម្ពុជា បានស្វែងយល់អំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍវិស័យរ៉ែ និងការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា ដែលក្រុមហ៊ុនរបស់ប្រទេសកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគ លើវិស័យរ៉ែនៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏ស្នើឲ្យកម្ពុជា លើកជាគម្រោងសិក្សាលម្អិតបន្ថែម ទៅលើសក្ដានុពលរ៉ែ ដើម្បីរកមើលថវិកា ក៏ដូចជាក្រុមការងារផ្សេងៗ ដើម្បីចូលរួមក្នុងការស្វែងរុករកថែមទៀត។

ទាក់ទិននឹងគម្រោងវិនិយោគនេះដែរ បើតាមលោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា វិស័យរ៉ែនៅកម្ពុជា ដែលភាគីកូរ៉េ បានបង្ហាញនូវចំណាប់អារម្មណ៍ ចង់វិនិយោគរួមមាន៖ Copper (រ៉ែទង់ដែង), Tungsten, Manganese, Lithium និងរ៉ែផ្សេងៗទៀត។

លោក អ៉ឹង ឌីប៉ូឡា បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ភាគីកូរ៉េ ក៏បានស្នើសុំឲ្យកម្ពុជា លើកជាគម្រោង រួចហើយភាគីកូរ៉េ នឹងលើកយកគម្រោងនេះ ទៅឲ្យរាជរដ្ឋាភិបាលកូរ៉េ ដើម្បីរកមើលថវិកា ក៏ដូចជាស្ថាប័នផ្សេងៗ ដើម្បីចូលរួមក្នុងការស្វែងរុករកសក្ដានុពលរ៉ែនៅកម្ពុជា។
លើសពីនេះទៀត បន្ទាប់ពីការស្វែងរុករកនេះ ទទួលបានជោគជ័យ បើសិនជារកឃើញថា ប្រភេទរ៉ែ៖ Copper (រ៉ែទង់ដែង), Tungsten, Manganese, Lithium មានសក្ដានុពលនោះ ជំហានបន្ទាប់ទៀត ភាគីកូរ៉េ នឹងអាចចាប់អារម្មណ៍ ក្នុងការវិនិយោគទុនលើវិស័យរ៉ែនៅកម្ពុជា។នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបញ្ជាក់បន្ថែម៕ អត្ថបទ៖ រង្សី