ស្វាយចន្ទីនឹងមានតម្រូវការទិញទៅក្រៅប្រទេសកាន់តែច្រើន ក្រោយ «សហព័ន្ធស្វាយចន្ទីកម្ពុជា» ចាប់កំណើត

សង្គម​និង​សេដ្ឋកិច្ច

វិស័យស្វាយចន្ទីកម្ពុជា អាចនឹងមានតម្រូវការខ្ពស់លើទីផ្សារទាំងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោយចាប់កំណើតដំបូង «សហព័ន្ធស្វាយចន្ទីកម្ពុជា» នៅដើមខែតុលា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីពន្លឿនការងារនេះ ក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” ក្រោមវត្តមានលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធ កាលពីថ្ងៃទី២១ ខែកញ្ញាម្សិលមិញ។

ក្នុងកិច្ចប្រជុំនោះ លោក រាជ រ៉ា បានគូសបញ្ជាក់ថា សមាគមសហព័ន្ធស្វាយចន្ទី គឺជាផ្នែកមួយតំណាងសំឡេងវិស័យឯកជនដ៏សំខាន់ក្នុងវិស័យស្វាយចន្ទី និងជាកម្លាំងចលករសំខាន់ក្នុងការអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិងពិភពលោក។ ដូចនេះ ទើបក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំ ដើមី្បពិនិត្យសេចក្ដីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិងដំណើរការត្រៀមរៀបចំសន្និបាតដែលគ្រោងធ្វើឡើងនៅខែតុលាខាងមុខ និង ប្រឹក្សាសម្របសម្រួលអំពីនីតិវិធីចុះបញ្ជីសហព័ន្ធនៅក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ បានស្នើឱ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធបន្តសហការជាមួយនឹងក្រសួងពាណិជ្ជកម្ម និងសង្ឃឹមយ៉ាងមុតមាំថាក្រោយបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជានឹងដើរតួនាទីប្រកបដោយបុរេសកម្ម និងច្នៃប្រឌិត រួមចំណែកលើកកម្ពស់ធនធានមនុស្សនិងបច្ចេកទេស និងបន្តទាក់ទាញដៃគូជាតិនិងអន្តរជាតិ ដើមី្បអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា បំពេញតម្រូវការទីផ្សារបញ្ជាទិញក្រៅប្រទេសបន្ថែមទៀត។

បើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួនជាង៤៩ម៉ឺនហិកតា ប៉ុន្តែសមាគមនេះ ប៉ាន់ប្រមាណថាអាចមានរហូតដល់៨០ម៉ឺនហិកតា។ ខេត្តដែលដាំដុះស្វាយចន្ទីច្រើនជាងគេ គឺ កំពង់ធំ ខេត្តរតនគីរី ខេត្តកំពង់ចាម មណ្ឌលគិរី ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ឆ្នាំង និងខេត្តព្រះវិហារ។

ដោយឡែក របាយការណ៍ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២១ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី បានជាង ៩៣ ៧៩៧៤ តោន កើនឡើងចំនួន ៣២៨.៣៤% ក្នុង នាំចេញទៅប្រទេសវៀតណាមចំនួន ៩២៨ ៩២៦តោន ប្រទេសចិនចំនួន ៤ ៥៥២តោន ប្រទេសថៃចំនួន ៤ ២៩៧តោន ប្រទេសឥណ្ឌាចំនួន ៩៨តោន ប្រទេសជប៉ុនចំនួន ៤៤តោន ប្រទេសកូរ៉េចំនួន ២១តោន ប្រទេស អារ៉ាប់ចំនួន ១៤តោន ប្រទេសណេដឺឡែនចំនួន៨តោន ប្រទេសបង់ក្លាដែសចំនួន៧តោន និងប្រទេសឡាវចំនួន៤តោន រួមនឹងប្រទេសផ្សេងទៀត។ ការនាំចេញគ្រាប់ឆៅ ឬគ្រាប់ស្រស់មានជាង៥០ភាគរយ៕

42 Shares