រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ផ្តល់ជំនួយអង្ករ ៦ពាន់តោនដល់ប្រទេសគុយបា

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា ផ្តល់អង្ករ ៦ពាន់តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ ការប្រកាសផ្តល់ជំនួយអង្ករនេះ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក Miguel Diaz-Canel ប្រធានាធិបតីគុយបា កាលពីថ្ងៃទី២៤ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ការផ្តល់ជំនួយអង្ករ ៦ពាន់តោននេះ មាន ៣ពាន់តោន ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយ ៣ពាន់តោនទៀតជាជំនួយរបស់វិស័យឯកជន។

កម្ពុជា និងគុយបា មានទំនាក់ទំនងគ្នា៦២ឆ្នាំមកហើយ។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងប្រមាណ ៤៣ឆ្នាំចុងក្រោយនេះ ជាដំណាក់កាលសម្តេចបានប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងនេះ។ សម្តេចតេជោ ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេះរួចម្តងមកហើយនៅឆ្នាំ១៩៩៩។

គួររំលឹកបន្តិចថា ប្រទេសគុយបា ជាប្រទេសមួយបានរួមចំណែកជួយដល់កម្ពុជាក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជាពេលក្រុមប្រទេសលោកសេរីហ៊ុមព័ទ្ធសេដ្ឋកិច្ច។

គុយបា គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់សមុទ្រការ៉ាបៀន (Caribbean) ដោយមានព្រំដែនសមុទ្រជាប់ប្រទេស បាហាម៉ាស់ ហៃទី ហុងឌូរ៉ាស់ ចាម៉ៃកា ម៉ិកស៉ិក និងឆ្នេរសមុទ្ររដ្ឋផ្ល័រីដារបស់សហរដ្ឋអាមេរិក។ ប្រទេសហ៊ុមព័ទ្ធដោយសមុទ្រមួយនេះ មានប្រជាជនជាង ១១លាននាក់៕