បើកឆាកពានរង្វាន់ សម្ដេចក្រឡាហោម ក្រុមឧកញ៉ា​ ភួ​ វាសនា​ បំប៉ោងសំណាញ់ទីក្រុម ស.ស.យ.ក​ បាត់ដំបង ដោយលទ្ធផល ៣-២

សង្គម​និង​សេដ្ឋកិច្ច

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ២០២២ ក្រុមកីឡាករបាល់ទាត់ឆ្នើម ដែលដឹកនាំដោយ ឧកញ៉ា ភួ វាសនា អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា​ និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ បានយកឈ្នះក្រុមគណៈអធិបតី​ ស.ស.យ.ក​ ខេត្តបាត់ដំបង ដោយលទ្ធផល ៣-២ ក្នុងការប្រកួតបើកឆាក កីឡាបាល់ទាត់ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកួតកីឡាពានរង្វាន់​ សម្ដេចក្រឡាហោម​ ស​ ខេង​ ខេត្តបាត់ដំបង​ នេះដែរ ត្រូវបានរៀបចំឡើងដោយ​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងក្រោមអធិបតីភាព​ ឯកឧត្តម​ សុខ​ លូ​ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង​ និងឯកឧត្តម​ ស​ រដ្ឋា​ ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង​ នៅបរិវេនទីលានបាល់ទាត់សកលវិទ្យាល័ជាតិបាត់ដំបង។

ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រៀបចំឡើង ក្នុងគោលបំណងលើកស្ទួយវីស័យកីឡានៅកម្ពុជា ជាពិសេសនៅខេត្តបាត់ដំបងផ្ទាល់តែម្ដង។ សម្រាប់ការប្រកួតឆ្នាំ២០២២ នេះ ប្រារព្ធឡើងនៅក្នុងកីឡដ្ឋាន សាកលវិទ្យាល័យជាតិបាត់ដំប​ង ដែលមានកីឡាករ ចូលរួមចំនួន៨៥០នាក់ចូលរួមប្រកួត ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២២ ដោយមានបញ្ចូលវិញ្ញាសាកីឡាចំនួន ៣ រួមមាន៖ វិញ្ញាសាបាល់ទាត់ វិញ្ញាសាវាយសី និងវិញ្ញាសាប៉េតង់។  

ដោយឡែកសម្រាប់វិញ្ញាសាបាល់ទាត់ មានក្រុមចូលរួមប្រកួត សរុបចំនួន ៣៧ក្រុម។ សម្រាប់ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៦លានរៀល លេខ២ ទទួលបាន ៤លានរៀល និងជយលាភីលេខ៣ ទទួលបាន ៣លានរៀល៕