រដ្ឋអនុម័តសំណើសុំសាងសង់ ១,១៧៥គម្រោង ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ

សង្គម​និង​សេដ្ឋកិច្ច

ព្រឹត្តិបត្រស្ថិតិ ប្រចាំឆមាសទី៣ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៥ វិច្ឆិកានេះបានបង្ហាញថា នៅត្រីមាសទី៣ ឆ្នាំនេះ ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន ១,១៧៥គម្រោង កើនឡើង១៤៧គម្រោងស្មើនឹង ១៤.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះការកើនឡើងនៃគម្រោងប្រភេទសំណង់លំនៅឋាន ភូមិគ្រឹះ, សំណង់ឧស្សាហកម្ម, សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន), និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និងទេសចរណ៍។

ទន្ទឹមនឹងនេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា៖ «វិស័យសំណង់រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា៣ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារកំណើនការផ្តល់ឥណទាន លើវិស័យសំណង់បានបន្តកើនឡើង»។

បើតាមក្រសួងសេដ្ឋកិច្ច នៅត្រីមាសទី៣ ឆ្នាំនេះ គ្រឹះស្ថានឥណទាន ផ្ដល់ដោយធនាគារពាណិជ្ជ មានជាង ៤២០០លានដុល្លារ កើនឡើង១៩.១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានជាង ៣,៥០០លានដុល្លារ។

ចំណែកឯឥណទានដែលផ្ដល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដល់វិស័យសំណង់វិញ មានទឹកប្រាក់ជាង ៤០០លានដុល្លារ កើនឡើង៣៥.១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មាន ៣០០លានដុល្លារ៕