ប្រមុខ​រដ្ឋាភិបាល​អំពាវនាវឱសថស្ថាន កុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ​បាន​អំពាវនាវដល់ឱសថស្ថានកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩។ ជាមួយ​គ្នា​នេះ​ មេដឹកនាំ​កម្ពុជា​រូប​នេះ​ក៏​បានណែនាំ​ឱ្យក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានការចរាចរណ៍ថ្នាំព្យាបាលជំងឺកូវីដ១៩ ក្លែងក្លាយ​លក់​នៅលើ​ទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខណៈ​ជំងឺ​កូវីដ​បំប្លែង​ខ្លួនអូមីក្រុង​ធ្វើ​ឲ្យអត្រា​អ្នក​ឆ្លង​ថ្មី​កើន​ដល់​ខ្ទង់​រយនាក់​ក្នុង​មួយថ្ងៃ​ ​ពលរដ្ឋកាន់តែច្រើន​​​នាំគ្នា​សម្រុក​ទៅទិញ​ថ្នាំ​តា​ម​ឱសថ ដែល​ធ្វើ​ឲ្យ​​ឧសថ​សម្រាប់ព្យាបាលតម្លៃ​កើន​ឡើង។

ប្រមុខរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យអាជ្ញាធរ​ ត្រូវ​តែ​ចា​ត់វិធានការ​​គ្រប់គ្រង​ការ​លក់​ថ្នាំ​នៅ​តាម​ឱសថស្ថាន​ ជាពិសេស​ការ​គ្រប់គ្រង​តម្លៃ​កុំ​ឲ្យប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ។

​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសកាលពីពេលថ្មីៗនេះ ក៏​បានព្រមានពីករណីឆ្លងប្រចាំថ្ងៃពី​មេរោគ​បំប្លែង​ខ្លួនអូមីក្រុង ដែលអត្រា​អ្នក​ឆ្លង​ប្រចាំថ្ងៃ​អាច​កើនឡើងពី ៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅតែបន្តធ្វេសប្រហែស មិនអនុវត្តវិធានការ ឱ្យបានខ្ជាប់ខ្ជួន។

មន្រ្តី​សុខាភិបាល​រូប​នេះបញ្ជាក់ថា ពពួកវិរុស​បំប្លែងថ្មីអូមីក្រុង បានគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃករណីឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៅកម្ពុជា ហើយ​កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍ជាមួយល្បឿនចម្លង​យ៉ាង​លឿន។

បើ​តាម​លោកជំទាវ ឱ វណ្ណឌីន ករណីអូមីក្រុងបាន​វិវឌ្ឍន៍​ចាប់ផ្តើមឆ្លង​រាលដាល​ពីមួយខ្ទង់​ឡើង​ពីរខ្ទង់ ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កើនឡើង​រហូតដល់ បីខ្ទង់។ មិនយូរមិនឆាប់ទេ ការឆ្លងនឹងឡើងដល់បួនខ្ទង់មិនខាន បើបងប្អូនប្រជាពលរដ្ឋនៅតែបន្តមើលស្រាល ធ្វេសប្រហែស និងមិនអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានត្រឹមត្រូវទេនោះ៕