ទម្លាយឱ្យដឹងក្រុមហ៊ុនឧកញ៉ាម្នាក់ ជាអ្នកនាំយកអង្ករកម្ពុជា ទៅប្រកួតបានលេខ១ លើពិភពលោក

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន City Rice Import Export របស់ឧកញ៉ា ឡាយ ឈុនហួ គឺជាក្រុមហ៊ុន​ដែល​បាននាំយក «អង្កររំដួល» កម្ពុជា ទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោក និងទទួលបានពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ» ​នៅខេត្តភូកេត​ ប្រទេសថៃ ​​​កាល​ពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែង​អបអរសាទរ និងអំណរគុណចំពោះ លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយក​ក្រុមហ៊ុន City Rice Import Export ដែលបាននាំយក «អង្កររំដួល» របស់កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករ​ពិភពលោក រហូតទទួលបានពានរង្វាន់លេខ១ ជា «អង្ករល្អដាច់គេ»។

លោកឧកញ៉ា ឡាយ ឈុនហួ បាន​លើកឡើងផងដែរថា កិត្តិនាមដែលទទួលបាននេះ នឹងជួយផ្សព្វ​ផ្សាយ​ពីគុណភាពអង្ករកម្ពុជាកាន់តែច្រើន ពិសេសធ្វើឱ្យគេស្គាល់ពីគុណភាពអង្ករកម្ពុជា។ លោកឧញ៉ា បញ្ជាក់​ជូន​ថា ដើម្បីទទួលបានជយលាភីនេះ អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើចំណុចជាច្រើនដូចជា រូបរាងគ្រាប់អង្ករ, ភាពទន់, ក្លិន និងរសជាតិ ជាដើម។

សូមជម្រាបជូនថា កន្លងមកអង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន ៤ លើករួចមកហើយ ដោយឈ្នះ ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១២, ២០១៣ និង ២០១៤ និងចុងក្រោយក្នុងឆ្នាំ ២០១៨ នៅប្រទេសវៀតណាម និង​ជា​លើក​ទី​៥ នៅ​ឆ្នាំ​២០២២​នេះ។ ក្រៅពីនោះ អង្ករកម្ពុជា ក៏ធ្លាប់ទទួល​បានលេខ ២ ក្នុងឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៧ ផងដែរ៕

0 Shares