សម្តេច ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់

សង្គម​និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នាពេលនេះ ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកកំពុងឈានដល់ការរីកចម្រើនមួយដែលគួរឱ្យកត់សម្គាល់ ពោលគឺ«ល្អជាងពេលណាៗទាំងអស់»។នេះបើតាមលទ្ធផលជំនួបជាមួយប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក លោក Gregory Meeks កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេច ហ៊ុន សែន បានសម្តែងនូវសេចក្ដីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ សម្ដេច ក៏បានគូសបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី៧២ឆ្នាំមុន ហើយថា ប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។

សម្តេចបានបន្តថា បច្ចុប្បន្នក្រៅពីប្រទេសទាំងពីមានទំហំពាណិជ្ជកម្មកើនឡើងជាមួយគ្នាដែលសម្រេចដល់ ១៨ភាគរយ ក្រុមហ៊ុនអាមេរិកធំៗជាច្រើនក៏បានមកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរដូចជាក្រុមហ៊ុនផលិតរថយន្ត Ford និងក្រុមហ៊ុនផលិតកម្មចម្រុះ General Electric ជាដើម។

សូមជម្រាបថា លោក Gregory Meeks ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) ដែលរៀបចំដោយរដ្ឋសភាកម្ពុជា។

លោកក៏បានជម្រាបសម្តេចបន្ថែមថា ដំណើររបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដើម្បីចូលរួមកិច្ចប្រជុំអាយប៉ា ហើយក៏ដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកកន្លងទៅ តាមរយៈការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការជួយចូលរួមប្រជុំអាយប៉ា។

លោកក៏បានជម្រាបសម្តេចតេជោថា អនុប្រធានាធិបតីអាមេរិក ក៏បានបង្ហាញការរីករាយយ៉ាងខ្លាំងផងដែរ ពេលដែលរូបលោកបានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ដែលបង្ហាញពីជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកនិង ផ្នែកនីតិប្បញ្ញត្តិ និងប្រតិបត្តិ។

សូមបញ្ជាក់ដែរថា ក្នុងពេលដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំ និងមានជំនួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ក្នុងដំណើរមកកាន់កម្ពុជា លោក ចូ បៃដិន ក៏បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការថតរូប Selfie ជាមួយប្រជាជនខ្មែរ ក្រៅពីនោះលោកក៏បានបង្ហាញកាយវិការជិតស្និទជាមួយសម្ដេចតេជោ ហ៊ុន សែន ផងដែរ៕