អគ្គនាយកដ្ឋានពន្ធដារ រំលឹកម្ចាស់យានយន្តទាំងអស់ទៅបង់ពន្ធឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ក្រើន​រំលឹក​ឱ្យ​ម្ចាស់​យាន​ជំនិះ​គ្រប់​ប្រភេទ​រួស​រាន់ទៅបង់ពន្ធ ខណៈការប្រមូលពន្ធនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ។ ការប្រកាសរំលឹកនេះ ធ្វើឡើងដោយសារអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្ដភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ប៉ុន្តែ​ម្ចាស់​យានយន្​តមួយចំនួន​ទៀតនៅ​មិនទាន់​បាន​បង់ពន្ធប្រភេទនេះនៅឡើយទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវប្រញាប់មកបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់​យាន​យន្តនឹង​ត្រូវទទួល​រងនូវ​ទោស​ទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារសង្កត់ធ្ងន់ថា នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរ​បាល​ចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ម្ចាស់យានជំនិះគ្រប់ប្រភេទទាំងអស់ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត និង​វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការ និង​ដឹកជញ្ជូន នៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅ ធនាគារកម្ពុជាសាធារណះ ភីអិលស៊ី ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក, អ ឬនៅធនាតាវ វឌ្ឍនៈអាស៊ីចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅ​តាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ម្ចាស់យានយន្តក៏អាចបង់ពន្ធតាមរយៈកម្មវិធី «GDT Taxpayer App» ដែល​អាច​ទាញ​យក​ចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់​យានយន្ត​ដែលធ្លាប់​បាន​ប្រកាស​បង់ពន្ធលើពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមក។

ចំពោះយានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

សម្រាប់យានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

យោងតាមលិខិតលេខ ៤៨២ សជណ,ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ចំពោះយានយន្តឯកជនជ្រកក្រោម ផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២២ទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីត និងចុះបញ្ជីយានយន្តនៅ ក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។

ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់បំពេញ កាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕