សាងសង់ឡើងវិញ វិមានរំលឹកដល់អ្នកដែល​ទទួល​អនិ​​ច្ចកម្ម​ក្នុង​​ស​ង្រ្គាម​លោក​លើក​ទី១

សង្គម​និង​សេដ្ឋកិច្ច

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ត្រូវបាន​ស្ថាបនាឡើងវិញ បន្ទាប់ពីបាត់រូបរាងអស់រយៈពេល៤៦ឆ្នាំ ដោយសារការដាក់គ្រាប់បែកបំផ្ទុះ​បំផ្លាញចោល នៅក្នុងរបបកម្ពុជា​​ប្រជាធិប​​តេយ្យ​​​​កាលពីឆ្នាំ១៩៧៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិមាននេះឡើងវិញ បានប្រារព្ធឡើងក្រោម លោក ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក អូលីវ្យេ ប៊ិច (Olivier Becht) រដ្ឋមន្ត្រី​​ប្រតិភូ​អមរដ្ឋមន្រ្តី អឺរ៉ុបនិងកិច្ចការ​​បរទេសទទួល​​បន្ទុក​ពាណិ​ជ្ជ​​​កម្មក្រៅ​​​ប្រទេសទេស ភាពទាក់ទាញ និងជនជាតិបារាំង​ក្រៅប្រទេស នៃសាធារណរដ្ឋបារាំង នៅថ្ងៃទី​២៥ ខែមករានេះ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​​បញ្ជាក់​​ថា ការសាងសង់​វិមាន​នេះឡើងវិញ គឺដើម្បីរំលឹកដល់ជ័យជម្នះរបស់បារាំង និងពលិកម្មរបស់​កម្ពុជា​ក្នុងការបញ្ជូនទ័ពទៅជួយច្បាំង​ក្នុង​សង្គ្រាម​លោក​លើកទី១ និងដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់​តែ​ស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​ជាប្រវត្តិ​សាស្ត្រ បារាំង-ខ្មែរ។

ជាមួយគ្នានេះ លោក អូលីវ្យេ ប៊ិច រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្រ្តី អឺរ៉ុបនិងកិច្ចការបរទេសទទួលបន្ទុក​​ពាណិ​ជ្ជកម្មក្រៅ​ប្រទេ​ស ភាពទាក់ទាញ និងជនជាតិបារាំងក្រៅប្រទេស នៃសាធារណរដ្ឋបារាំង ក៏បាន​​បង្ហាញក្តីរំភើបចំពោះការសម្រេច​ចិត្តដ៏មាន អត្ថន័យក្នុងការសាងសង់វិមាននេះឡើងវិញ ដោយ​សារ​​ទីនេះជាកន្លែងមួយដែលរំលឹកនូវប្រវត្តិសាស្ត្ររួមក៏ដូចជា​គូស​​បញ្ជាក់សារ​ជាថ្មីនូវ​​គុណ​តម្លៃដែល​កម្ពុជា បារាំងមានរួមគ្នា។ ហើយកាយវិការនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវជម្រៅ​នៃ​ទំនាក់ទំនង​​ដែលផ្សារ ភ្ជាប់ប្រទេសទាំងពីរ ក៏ដូចជាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជា និងបារាំង មានរួមគ្នា ដែលគិត  មក ដល់ពេលនេះគឺមានរយៈពេល១៦០ឆ្នាំហើយ។

គួរបញ្ជាក់ថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ដល់ឆ្នាំ​១៩១៨“ ជាស្តូប​​អនុ​​ស្សាវរីយ៍រវាងទាហានខ្មែរនិងបារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ដោយអាជ្ញាធរបារាំង និងឥស្សរជន​ខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្តូបនេះឡើងនៅក្នុងទីធ្លាមួយ​ទល់មុខស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយ​​ចង្វារ កាលពីឆ្នាំ១៩២៥។ ប៉ុន្តែក្រោយ​មកត្រូវបានកងទ័ពខ្មែរក្រហម ដាក់គ្រាប់បែកបំផ្ទុះបំផ្លាញចោល កាលពីឆ្នាំ១៩៧៧។

ចំពោះគម្រោងសាងសង់ឡើងវិញ គឺប្រើប្រាស់រយៈពេល៨ខែ ដោយ​ក្រុមការងារបច្ចេកទេស​បានជ្រើស​រើសទីតាំងថ្មី ស្ថិត​នៅក្បែរ​ទីតាំងចាស់ នៅសួនច្បារពីមុខស្ថានទូតបារាំងប្រចាំកម្ពុជា ហើយគម្រោង​ប្លង់​ស្ថាបត្យ​​កម្ម និងគ្រឿង បង្គុំឡើងវិញ គឺផ្អែក​តាមបំណែកផ្ទាំងចម្លាក់ ដែលរក្សាទុកនៅសារមនី្ទរជាតិ​ភ្នំពេញ និងឯកសារជាច្រើនទៀតជាមូលដ្ឋាន​​សាងសង់​ឡើងវិញ៕ អត្ថបទ៖ ពុទ្ធិកា