លោក នៅ ស៊ីនិត៖ មុនបោះជំហានធ្វើអាជីវកម្ម ចាំបាច់ត្រូវមានកេរ្ដិ៍ឈ្មោះ និងចំណេះដឹងពិតប្រាកដ

មហាសេដ្ឋី និងមុខជំនួញ

មកជាមួយនឹងបទពិសោធន៍នៅក្នុងវិស័យសំណង់អស់ពេលជាច្រើនឆ្នាំ លោក នៅ ស៊ីនិត ជាវិស្វករ និងជាអ្នកម៉ៅការសំណង់​​មួយ​រូប យល់ឃើញថា មុននឹងចេញធ្វើអាជីវកម្មចាំបាច់ត្រូវមានកេរ្ដិ៍ឈ្មោះ និងចំណេះដឹងពិតប្រាកដជាមុនសិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនៅក្នុងបទសម្ភាសន៍កម្មវិធី សេដ្ឋីនិងជំនួញ នាពេលថ្មីៗនេះ លោក នៅ ស៊ីនិត បានចែករំលែកយ៉ាងច្រើនពាក់ព័ន្ធនឹងជីវិតជាសហគ្រិន បទពិសោធន៍ ចំណេះដឹង និងភាពជាអ្នកដឹកនាំផងដែរ។

លោក នៅ ស៊ីនិត

បូកផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួន លោក នៅ ស៊ីនិត បានលើកឡើងថា ក្នុងការធ្វើអាជីវកម្មមួយអាចទទួលបានជោគជ័យត្រូវមាន ចំណេះដឹងចំពោះកិច្ចការងារដែលខ្លួនកំពុងធ្វើ រៀនសូត្របន្ថែមជានិច្ច និងស្ដាប់បទពិសោធន៍ពីរៀមច្បង។ ការធ្វើអាជីវកម្មក្នុងវិស័យសំណង់គឺមានធាតុផ្សំជាចាំបាច់ ដូចជាជំនាញបច្ចេកទេស និងជំនាញលើការឌីហ្សាញ។ «ជំនាញទាំងពីរនេះអាចបញ្ចូលគ្នាបាន ប៉ុន្ដែប្រសិនបើយើងជាថៅកែ ហើយយើងអត់មានជំនាញនេះគឺពិបាកក្នុងការទៅរកស៊ីណាស់ ហើយណាមួយប្រសិនបើយើងមានលទ្ធភាពច្រើន មានលុយច្រើន គឺអាចបរាជ័យក្នុងការជួលមនុស្សខុស ក៏ប៉ុន្ដែប្រសិនបើយើងមានលទ្ធភាពតិច យើងចង់ជួលគេអ្នកដទៃមកកាន់ជំនាញទាំងអស់នឹង  នៅពេលដែលបរាជ័យគឺអត់អាចងើបមកវិញបាននោះទេ»។ លោក ស៊ីនិត បញ្ជាក់បន្ថែម។

បន្ថែមពីនោះ កត្ដាកេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួនក៏ជាធាតុចូលយ៉ាងសំខាន់ផងដែរ ត្រូវកសាងខ្លួនពីតូចទៅធំ ស្វែករកនៅការទុកចិត្តពីអតិថិជនជាមុនសិន។ សម្រាប់លោកផ្ទាល់គឺចាប់ផ្ដើមធ្វើផ្ទះឱ្យអ្នកនៅក្នុងភូមិឱ្យបានល្អ ស្អាត មានគុណភាព ក្លាយជាជាងដែលមានទឹកដៃល្អនៅក្នុងភូមិ ទទួលបានការទុកចិត្ដពីកម្រិត ភូមិ ស្រុក រួចចាប់ផ្ដើមធ្វើទីផ្សារដោយខ្លួនឯង ដោយចាប់ផ្ដើមពីការផ្សព្វផ្សាយនៅលទ្ធផលពិតប្រាកដដែលបានធ្វើកន្លងមកតាមបណ្ដាញសង្គមហ្វេសប៊ុក។

ជាមួយគ្នានេះ លោក នៅ ស៊ីនិត លើកទឹកចិត្ដដល់សហគ្រិនដែលចង់រកស៊ីលើវិស័យសំណង់ក៏ដូចជាវិស័យផ្សេងៗ គួរតែមានជំនាញលើវិស័យទាំងនោះ៕