ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើង ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញ ទៅមក ជួយគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ក៏ដូចជា បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និង វិបុលភាពនៅក្នុតំបន់ ។

ក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម កាលពីថ្ងៃទី២១ សីហា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។ ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ នៅឆ្នាំ ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី ៣ របស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ ពាន់លានដុល្លារអាមេរិក និងមានការកើនឡើងជាង ១៨% ធៀបនឹងឆ្នាំ ២០២៣ ។
ស្របតាមនិន្នាការកំណើនជាលំដាប់នេះ ប្រទេសទាំងពីរក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅ ២០ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខផងដែរ ។ វៀតណាមឈរនៅ លំដាប់ទី ៥ នៃការវិនិយោគបរទេសនៅកម្ពុជា ហើយលំដាប់ទី ២ (បន្ទាប់ពីប្រទេសសិង្ហបុរី) ក្នុង ចំណោមប្រទេសសមាជិកអាស៊ាន ។
លើសពីនោះ ចំនួនទេសចរវៀតណាមមកកម្ពុជា បានកើនឡើងជិត ៣២% ឈរនៅលំដាប់ទី២។ មកដល់ពេលនេះ មានជើងហោះហើរត្រង់សរុប ១០០ជើង ក្នុងមួយសប្តាហ៍ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ២ និងកម្ពុជាចំនួន២ ។

ទន្ទឹមនឹងនោះ ប្រទេសទាំងពីរ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យគន្លឹះមួយចំនួន រួមមាន ការពារជាតិ និង សន្តិសុខ អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ ។ កម្ពុជា និង វៀតណាម បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងក្របខ័ណ្ឌអនុតំបន់ផ្សេងទៀត ដែលមិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោកផងដែរ៕

