ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអាមេរិក នឹងទទួលបាន ១០% នៃភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីប Intel មកគ្រប់គ្រង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្រោមកិច្ចព្រមព្រៀងនេះ មានន័យថាសេតវិមាននឹងទិញយកភាគហ៊ុន ៩,៩% នៃក្រុមហ៊ុន Intel ក្នុងតម្លៃប្រមាណ ៨,៩ពាន់លានដុល្លារ ឬ ២០,៤០ដុល្លារ ក្នុងមួយហ៊ុន។
យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះ ហាក់បានបន្ធូរបន្ថយភាពតានតឹងរវាងលោក ត្រាំ និងនាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Lip-Bu Tan ដែលថ្មីៗនេះ ប្រធានាធិបអាមេរិក បានទាមទារឲ្យលោក Tan លាលែងចេញពីតំណែង ជុំវិញទំនាក់ទំនងរបស់លោក ជាមួយក្រុមហ៊ុនចិន។
ជម្រាបជូនផងដែរថា ជុំវិញទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុន Intel របស់សេតវិមាននេះ គឺជាសកម្មភាពចុងក្រោយមួយ ក្នុងការអន្តរាគមន៍របស់រដ្ឋាភិបាលអាមេរិក នៅក្នុងក្រុមហ៊ុនបន្ទះឈីបអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ បន្ទាប់ពីមានការប្រកាសកាលពីដើមខែនេះថា រដ្ឋាភិបាលក៏នឹងយក ១៥% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Nvidia និង AMD ពីការលក់បន្ទះឈីបមួយចំនួនរបស់ពួកគេ ទៅឲ្យប្រទេសចិន ផងដែរ៕

