Meta ចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI តម្លៃ ១០ពាន់លានដុល្លាររបស់ខ្លួន នៅអាមេរិក

អន្តរជាតិ

ក្រុមហ៊ុន Meta កាលពីថ្ងៃទី១១ ខែកុម្ភៈ បាននិយាយថា ខ្លួនកំពុងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្ទូកទិន្នន័យតម្លៃ ១០ពាន់លានដុល្លារ នៅក្នុងរដ្ឋ Indiana ដើម្បីគាំទ្រដល់មហិច្ឆតាលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានរាយការណ៍ថា មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ថ្មី របស់ក្រុមហ៊ុន Meta នេះ ត្រូវបានចរនាឡើងដើម្បីផ្តល់សមត្ថភាព ១ ជីហ្គាវ៉ាត់ នៅពេលដំណើរការ។ ហើយបើតាមប្រតិបត្តិករបណ្តាញអគ្គិសនីរបស់សហរដ្ឋអាមេរិក បានបង្ហាញថាទំហំនេះ គឺស្មើទៅនឹងការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ផ្ទះប្រហែល ៨០០ ០០០ ខ្នងឯណោះ។

គួរឲ្យដឹងថា ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុន Meta និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត កំពុងប្រកួតប្រជែងគ្នាដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានទំហំធំ​​​ចំពេលតម្រូវការ AI កំពុងកើនឡើងយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ លោកស្រី Rachel Peterson អនុប្រធាន​ទទួលបន្ទុក​មជ្ឈមណ្ឌលទិន្នន័យ​របស់ Meta បានប្រាប់អ្នកសារព័ត៌មានថា មជ្ឈមណ្ឌលថ្មី​នៅ​ក្នុង​ទីក្រុង Lebanon រដ្ឋ Indiana គួរតែ​ដាក់ឲ្យដំណើរការ​នៅចុងឆ្នាំ២០២៧ ឬដើមឆ្នាំ២០២៨។

ជម្រាបជូនថា កាលពីខែវិច្ឆិកា ក្រុមហ៊ុន Meta បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់រហូតដល់ ៦០០ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ និងការងាររបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលបីឆ្នាំខាងមុខ រួមទាំងមជ្ឈមណ្ឌលទិន្នន័យផងដែរ៕​