សហរដ្ឋអាមេរិក រំពឹងអាចប្រមូលបាន ៥០០ពាន់លានដុល្លារ​ ពីពន្ធនាំចូលនៅឆ្នាំនេះ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា ប្រាក់ចំណូលបានពីពន្ធនាំចូលចំនួន ៣០០ពាន់លានដុល្លារ ដែលលោកធ្លាប់បានប៉ាន់ស្មានកាលពីមុន ហាក់នៅមានកម្រិតទាបពេក​​ ពោលគឺអាមេរិក អាចកើបបានប្រាក់ចំណូលច្រើនជាងនេះទៅទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡូងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន កាលពីថ្ងៃទី២៦ ខែសីហា លោក Bessent បាននិយាយថា៖”ប្រាក់ចំណូលរបស់យើងមានការកើនឡើងខ្លាំង នៅក្នុងខែសីហា បើធៀបទៅនឹងខែកក្កដា។ ខ្ញុំគិតថានៅខែកញ្ញាខាងមុខ ចំណូលនឹងបន្តកើនឡើងកាន់តែច្រើនបន្ថែមទៀត បើធៀបទៅនឹងខែសីហា។ យើងកំពុងឆ្ពោះទៅរកការកើបចំណូលបាន ៥០០ពាន់លានដុល្លារ ឬក៏អាចកើនឡើងដល់ ១ទ្រីលានដុល្លារ នៅឆ្នាំនេះ”។

បើតាមទិន្នន័យពីគយ បានបង្ហាញថា ប្រាក់ចំណូលពន្ធនាំចូលរបស់អាមេរិក ក្នុងខែកក្កដា បានកើនឡើងជិត ២១ពាន់លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដល់ចំនួន ២៨ពាន់លានុដលល្លារ។ គិតចាប់តាំងពីខែសីហាមក សហរដ្ឋអាមរិក បាននិងកំពុងប្រមូលពន្ធគយខ្ពស់ ពីដៃគូពាណិជ្ជកម្មភាគច្រើនរបស់ខ្លួន ជាមួយអត្រាថ្មី ចាប់តាំងពី ១០% រហូតដល់ ៥០%។

យ៉ាងណាមិញ បើតាមតួលេខចេញផ្សាយកាលពីដើមសប្តាហ៍នេះ ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញថា គិតត្រឹមថ្ងៃទី២២ ខែសីហា រដ្ឋាភិបាលអាមេរិក ប្រមូលបាន ២៩,៦ពាន់លានដុល្លារ​ ពីពន្ធគយ ក្នុងខែសីហា។

ជម្រាបជូនផងដែរថា​ នៅក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CNBC នៅថ្ងៃទី១៩ ខែសីហា លោក Bessent ធ្លាប់បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងប្រើប្រាស់ប្រាក់ចំណូលដែលប្រមូលបានពីពន្ធនាំចូលនេះ​ដើម្បីយកទៅសងបំណុលជាតិ៕​