តម្លៃមាសអន្តរជាតិធ្លាក់ចុះ ខណៈតម្លៃប្រេងឆៅបន្តហក់ឡើងខ្ពស់កប់ពពក

សេដ្ឋី និងមុខជំនួញ

តម្លៃមាសអន្តរជាតិបានធ្លាក់ចុះដល់ក្រោម ៤ ៩៧០ដុល្លារក្នុងមួយអោនជាលើកដំបូង ខណៈពេលដែលតម្លៃប្រេងឆៅ Brent ក្នុងមួយបារ៉ែល បានហក់ឡើងដល់ ១០៥ដុល្លារ ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរនៅថ្ងៃទី១៦ ខែមីនានេះ តម្លៃមានសកលបានធ្លាក់ចុះជាង ៤០ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ៩៦៨ដុល្លារក្នុងមួយអោន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយមកបានស្ទុះងើបឡើងវិញដល់ ៥ ០២០ដុល្លារក្នុងមួយអោន។

គួរឲ្យដឹងថាទីផ្សារមាសអន្តរជាតិបានបន្តធ្លាក់ចុះអស់ពីរសប្តាហ៍ជាប់ៗគ្នាមកហើយ ស្របពេលតម្លៃថាមពលនៅតែបន្តកើនឡើងខ្ពស់ បន្ទាប់ពីមានការព្រួយបារម្ភអំពីអតិផរណាដែលបណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបាននាំឲ្យវិនិយោគិនបន្ថយការរំពឹងទុកថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) និងធនាគារកណ្តាលផ្សេងទៀត អាចនឹងកាត់បន្ថយអត្រាការប្រាក់របស់ពួកគេ។

ជម្រាបជូនថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៩៥% ដល់ ១០៥ដុល្លារក្នុងមួយបារ៉ែល ស្របពេលតម្លៃប្រេងឆៅអាមេរិក បានកើនឡើង ១,៦% ដល់ ១០០ដុល្លារក្នុងមួយបារ៉ែល។ ហើយគិតចាប់តាំងពីដើមខែនេះមក ប្រេងទាំងពីរប្រភេទ បានកើនឡើងជាង ៤០% រួចមកហើយ ដោយឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២២ មក៕