នៅក្នុងឆ្នាំ២០២៦ នេះ ពិភពលោកនឹងមានមហាសេដ្ឋីបច្ចេកវិទ្យា AI សរុបចំនួន ៨៦ នាក់ ដែលមានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាប្រមាណ ២,៧ទ្រីលានដុល្លារ ដែលក្នុងនោះមាន ៤៥ នាក់ ទើបតែចូលរួមក្នុងបញ្ជីថ្មីៗ។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទីផ្សារ AI បច្ចុប្បន្នកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំង និងកំពុងបង្កើតប្រាក់ចំណេញបានយ៉ាងច្រើនសម្រាប់ស្ថាបនិក អ្នកដឹកនាំ និងវិនិយោគិនដែលនៅពីក្រោយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតធំៗ។
ក្នុងចំណោមមហាសេដ្ឋី AI ថ្មីៗចុងក្រោយបំផុត លោក Edwin Chen ស្ថាបនិកក្រុមហ៊ុន Surge AI គឺជាអ្នកដែលមានជាងគេបំផុត ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១៨ ពាន់លានដុល្លារ។ បន្ទាប់មកគឺលោក Liu Debing ដែលជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន AI របស់ចិន Z.ai មានទ្រព្យសម្បត្តិសរុបប្រមាណ ៩,១ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ ទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថានៅឆ្នាំនេះមានមហាសេដ្ឋីបច្ចេកវិទ្យាសរុបចំនួន ៤៦៨ នាក់ (រួមបញ្ចូលទាំងមហាសេដ្ឋី AI)។ ក្រុមមហាសេដ្ឋីទាំងនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រហែល ៤,៨ទ្រីលានដុល្លារ ដែលជាការកើនឡើង ១,១ទ្រីលានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ជម្រាបជូនថា ការកើនឡើងភាគច្រើននេះបានមកពី លោក Elon Musk ខណៈពេលដែលបុរសមានបំផុតរបស់ពិភពលោករូបនេះ បានបន្ថែមលលុយជិត ៥០០ពាន់លានដុល្លារបន្ថែមទៀត ទៅកាន់ក្នុងទ្រព្យសម្បត្តិសរុបប្រមាណជាង ៨៣០ពាន់លានដុល្លាររបស់ខ្លួន។ ទ្រព្យសម្បត្តិរបស់ លោក Musk ភាគច្រើន បានកើនឡើងដោយសារការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអវកាស SpaceX និងបញ្ញាសិប្បនិម្មិត xAI៕

