អ្នកឧកញ៉ា ហ៊ុន ឡាក់ ចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកា “យុទ្ធនាការខ្មែរត្រូវតែខ្លាំង” លើកទី៤ លើប្រធានបទ៖ ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសុខាភិបាល

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង វេទិកា “យុទ្ធនាការខ្មែរត្រូវតែខ្លាំង” លើកទី៤ លើប្រធានបទ៖ ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសុខាភិបាល ក្រោមបាវចនា “រួបរួម + ស្តង់ដារ + សមត្ថភាព” ដែលបានប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ម្ចាស់គ្លីនិក ឱសថស្ថាន តំណាងសមាគមគ្រូពេទ្យ និងសហគ្រិនឆ្នើមៗក្នុងវិស័យសុខាភិបាល ចំនួនប្រមាណ ៣០០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរបស់វិទ្យាស្ថានស៊ីអ៊ីអូ, សមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, សមាគមសហគ្រិនស្រ្តីកម្ពុជា, បណ្តាញសហគ្រិនស្រ្តី, សមាគមគ្រូពេទ្យបង្ករកំណើតកម្ពុជា, សមាគមទន្តពេទ្យកម្ពុជា, សមាគមពេទ្យកែសម្ភស្ស និងឡេសឺ កម្ពុជា, មន្ទីរពេទ្យកុមារអង្គរ, សមាគមសម្ព័ន្ធភ្នាក់ងារពន្ធដារកម្ពុជា, បណ្តាញសារព័ត៌មាន Fresh News, ធនាគារអភិវឌ្ឍជនបទនិងកសិកម្ម និងសហគមសហគ្រិនវិស័យសុខាភិបាល ជាច្រើនទៀត។

ក្នុងឱកាសនៃវេទិកានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានឡើងថ្លែងចំណាប់អារម្មណ៍ដោយវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការផ្ដួចផ្ដើមឱ្យមានយុទ្ធនាការនេះឡើងសម្រាប់ជាឧត្តមប្រយោជន៍ជាតិ។ អ្នកឧកញ៉ាបានផ្ដល់ជាអនុសាសន៍ថា ដើម្បីឱ្យយុទ្ធនាការនេះមានដំណើរការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ចាំបាច់ត្រូវមានការរៀបចំឯកសារគាំទ្រផ្លូវការឱ្យបានត្រឹមត្រូវ មានរចនាសម្ព័ន្ធក្រុមការងារឱ្យបានច្បាស់លាស់ និងមានប្រភពថវិការឹងមាំ ដើម្បីគាំទ្រនិងធានាឱ្យយុទ្ធនាការនេះមានដំណើរការប្រកបដោយនិរន្តរភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបផងដែរថា “យុទ្ធនាការខ្មែរត្រូវតែខ្លាំង” លើកទី៤ មានគោលបំណងសំខាន់ក្នុងការពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មសុខាភិបាលកម្ពុជា តាមរយៈគោលដៅសំខាន់៣ចំណុច៖

១៖ ការរួបរួម៖ វិទ្យាស្ថានស៊ីអ៊ីអូ និងគាំទ្រការបង្កើត «សហគមន៍សហគ្រិនសុខាភិបាល» ដើម្បីក្លាយជាវេទិកាសម្រាប់ការសហការគ្នា គាំទ្រគ្នា និងជួយគ្នាទៅវិញទៅមកក្នុងការបង្កើនប្រសិទ្ធភាពអាជីវកម្មសុខាភិបាលឯកជន។

២៖ ស្តង់ដារ៖ វិទ្យាស្ថានស៊ីអ៊ីអូ និងអ្នកពាក់ព័ន្ធនានា នឹងរៀបចំបង្កើតនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់ការគ្រប់គ្រង និងដឹកនាំអាជីវកម្មសុខាភិបាលឯកជនដើម្បីឱ្យមានស្តង់ដារខ្មែរ ដែលអាចប្រកួតប្រជែងជាមួយស្តង់ដារអន្តរជាតិ។

៣៖ សមត្ថភាព៖ វិទ្យាស្ថានស៊ីអ៊ីអូ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល និងបង្វឹកសមត្ថភាពដល់សហគ្រិនក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងជំនាញក្នុងការគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពវិជ្ជាជីវៈខ្ពស់។