មហាសេដ្ឋីលុយពាន់លានរបស់ចិន លោក Li Shufu បានលាលែងចេញពីតំណែងជាប្រធានក្រុមហ៊ុនផលិតរថយន្ត Geely Auto ដោយបានថ្លែងថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី នឹងរៀបចំគ្រឹះសម្រាប់កំណើនប្រកបដោយចីរភាព នៅក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីររបស់ប្រទេសចិនមួយនេះបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Li ដែលជាស្ថាបនិកក្រុមហ៊ុនរថយន្តធំជាងគេទីពីរនៅក្នុងប្រទេសចិនទាក់ទងនឹងការលក់ បានប្រកាសលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន Geely ដែលបានចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង បានរាយការណ៍ពីប្រាក់ចំណូលនៅឆមាសទី១របស់ខ្លួន ដល់ចំនួនខ្ពស់បំផុត ចំពេលមានការប្រកួតប្រជែងខ្លាំង នៅក្នុងទីផ្សាររថយន្តរបស់ប្រទេសចិន។
យ៉ាងណាមិញ បើតាមឯកសារដែលក្រុមហ៊ុន Geely បានដាក់ជូនផ្សារហ៊ុនហុងកុង បានបង្ហាញថាលោក Andy An Conghui ដែលជានាយកប្រតិបត្តិ នឹងឡើងទៅជំនួសតំណែងរបស់លោក Li វិញ។
លោក Li ធ្លាប់បាននិយាយកាលពីខែមិថុនា នៅក្នុងវេទិកាមួយក្នុងអំឡុងពេលកម្មវិធី Chongqing Auto Show ថាក្រុមហ៊ុន Geely នឹងបង្កើតផែនការបន្តវេនដើម្បីគាំទ្រដល់ការរីកចម្រើនបន្ថែមទៀតរបស់ខ្លួន ដោយមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមនោះឡើយ។
ជម្រាបជូនថា បើយោងតាមឯកសារដែលបានដាក់ជូននោះ បាននិយាយថា លោក Li នឹងនៅតែបន្តជាប្រធានក្រុមហ៊ុន Zhejiang Geely Holding Group ដែលជាក្រុមហ៊ុនមេរបស់ Geely Auto និងជាម្ចាស់របស់ក្រុមហ៊ុន Volvo Cars ក៏ដូចជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន Mercedes-Benz Group ផងដែរ៕

