ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បានជួលអតីតរដ្ឋអាជ្ញាដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនមេធាវីឈានមុខគេមួយនៅ Wall Street ដើម្បីធ្វើការស៊ើបអង្កេតលើរឿងអាស្រូវស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ដែលពាក់ព័ន្ធនឹងនាយកប្រតិបត្តិ លោក Jensen Huang។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Nvidia បានប្រកាសកាលពីថ្ងៃទី១០ ខែវិច្ឆិកាថា សមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលរបស់ Nvidia បានជួលលោក Joon H. Kim អតីតរដ្ឋអាជ្ញាសហព័ន្ធស្តីទីប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងក្រុមហ៊ុនមេធាវីរបស់លោកគឺ Wachtell, Lipton និង Rosen & Katz ដើម្បីបើកការស៊ើបអង្កេតពេញលេញ និងដោយឯករាជ្យទៅលើរឿងអាស្រូវរបស់លោក Huang។
យ៉ាងណាមិញ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា នាយកប្រតិបត្តិ Nvidia លោក Jensen Huang បានសារភាពថា លោកមានទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកជំនួញស្ត្រីម្នាក់ឈ្មោះ Alice Huang ដែលជាប្រធានក្រុមហ៊ុន Megaspeed និងត្រូវបានគេសង្ស័យថា ជាចារកម្មរបស់ប្រទេសចិន។
គួរឲ្យដឹងថា ការសម្រេចចិត្តជួលលោក Kim និងក្រុមហ៊ុនមេធាវីដ៏ល្បីល្បាញរបស់លោក បានបង្កើនសម្ពាធយ៉ាងខ្លាំងទៅលើលោក Huang ដែលជាសហស្ថាបនិកក្រុមហ៊ុន Nvidia តាំងពីឆ្នាំ១៩៩៣។ សមាជិកជាច្រើននៃក្រុមប្រឹក្សាភិបាលបានគាំទ្រលោកអស់រយៈពេលជាច្រើនទសវត្សមកហើយ និងបានរួមចំណែកជួយឲ្យលោកកសាងទ្រព្យសម្បត្តិបានយ៉ាងច្រើនមហាសាលថែមទៀតផង។
ជម្រាបជូនផងដែរថា ជុំវិញការជ្រើសរើសអ្នកជំនាញផ្នែកច្បាប់ដែលមានបទពិសោធខ្ពស់ឱ្យដឹកនាំការស៊ើបអង្កេតនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញពីភាពទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល Nvidia ក្នុងការដោះស្រាយបញ្ហា ជាជាងការចាត់ទុកវាជានីតិវិធីផ្លូវការធម្មតា៕

