សម្តេចតេជោ ហ៊ុន សែន៖ ដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីរបស់តុលាការអន្តរជាតិ ICC នេះវាអាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ

សង្គម​និង​សេដ្ឋកិច្ច

តុលាការអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ខណៈប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីបារម្ភអំពីលទ្ធភាពផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី១៩ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចោទប្រកាន់របស់តុលាការអន្តរជាតិ ICC លើប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។ ការណ៍នេះ សម្តេចតេជោថា រឿងនេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់? រឿងរ៉ាវពាក់ព័ន្ធនឹងដីកាចាប់ខ្លួនលោក ពូទីន បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី បច្ចុប្បន្ន មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៉ី ឥណ្ឌា និងចិន មិនបានចូលជាសមាជិកទេ។ ឯប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។

សម្តេចតេជោបញ្ជាក់បន្ថែមថា ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាលរបស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះ នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែលពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានចោទជាសំណួរថា តើលោក ពូទីន សុខចិត្តឱ្យគេចាប់ខ្លួនដោយមិនបានតទល់ ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឱ្យគេចាប់ប្រធានាធិបតីរបស់ខ្លួនឬទេ? ចំណុចនេះ ហើយ គឺជាចំណុចដែលឥឡូវនេះសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយ។

សម្តេចតេជោដែលជាឥស្សរជនឆ្នើមក្នុងពិភពលោកម្នាក់ក្នុងការស្វែងរកសន្តិភាពមកឲ្យប្រទេសកម្ពុជា បានសង្កត់ធ្ងន់ថា ការគំរាមកំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម២០-៣០គីឡូម៉ែត្រនោះទេ គឺច្រើនរហូតដល់រាប់ពាន់គីឡូម៉ែត្រ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន លោក វ៉្លាឌីមៀ ពូទីន ដោយចោទប្រកាន់អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅប្រទេសអ៊ុយក្រែន៕