សហភាពអឺរ៉ុប បរាជ័យលើកិច្ចព្រមព្រៀងផ្ទេរទ្រព្យសម្បត្តិរុស្ស៊ីជាង ២៣៤ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែន

អន្តរជាតិ

សហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ លើការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន ដោយសារប្រទេសជាសមាជិក មិនបានបំពេញតាមការទាមទាររបស់បែលហ្ស៊ិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែធ្នូ រដ្ឋជាសមាជិកចំនួន ២៧ បានប្រញាប់ប្រញាល់ដើម្បីឈានដល់ការឯកភាពគ្នាលើផែនការមួយដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ៊ុយក្រែន។ អាទិភាពចម្បងរបស់ប្លុកនេះគឺការប្រើប្រាស់ទ្រព្យសម្បត្តិប្រហែល ២០០ពាន់លានអឺរ៉ូ (ឬប្រមាណជាង ២៣៤ពាន់លានដុល្លារ) ពីធនាគារកណ្តាលរុស្ស៊ី ដែលបច្ចុប្បន្នត្រូវបានបង្កកនៅអឺរ៉ុប ដើម្បីបង្កើតប្រាក់កម្ចីសម្រាប់ទីក្រុងគៀវ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបបរាជ័យក្នុងការឈានដល់ការឯកភាពគ្នាលើផែនការនេះ បន្ទាប់ពីបែលហ្ស៊ិក ដែលកាន់កាប់ទ្រព្យសម្បត្តិបង្កកភាគច្រើនរបស់រុស្ស៊ី បានទាមទារការធានានៃការទទួលខុសត្រូវផ្នែកច្បាប់រួមគ្នាក្នុងចំណោមរដ្ឋជាសមាជិក ក្នុងករណីមានសកម្មភាពផ្នែកច្បាប់ណាមួយដែលចេញដោយរុស្ស៊ី។

ជម្រាបជូនផងដែថា ចំពោះការបរាជ័យរបស់សហភាពអឺរ៉ុប ក្នុងការឈានដល់ការឯកភាពគ្នាលើផែនការផ្ទេរទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកទៅឲ្យអ៊ុយក្រែននេះ ហាក់ជាការវាយប្រហារដ៏ធំមួយចំពោះអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុតម្នាក់នៃគំនិតផ្តួចផ្តើមនេះ។ លោកធ្លាប់បានថ្លែងថា ភាពជឿជាក់របស់សហភាពអឺរ៉ុបនឹងត្រូវខូចខាត ប្រសិនបើពួកគេមិនចាត់វិធានការនោះទេ៕​