សិប្បកម្មមីល្ពៅខេត្តបាត់ដំបង ទម្លាយមូលហេតុ ដែលផ្អាកដំណើរការ

អាជីវកម្ម

សិប្បកម្មផលិតមីល្ពៅនៅក្នុងខេត្តបាត់ដំបង បានប្រកាសផ្អាកដំណើរការផលិតមួយរយៈ ក្រោយសិប្បកម្មនេះមានដំណើរការអស់រយៈពេល ៤ ឆ្នាំកន្លងមក។ លោក វ៉ាន់ គិមវ៉ាង ដែលជាម្ចាស់សិប្បកម្មផលិតសរសៃមីចេញពីផ្លែល្ពៅ បានបញ្ជាក់ថា មូលហេតុដែលលោកផ្អាកដោយសារ មានការខ្វះខាតច្រើន ដូចជា មិនមានទុនគ្រប់គ្រាន់ ការលក់នៅលើទីផ្សាមានការថយចុះ មិនទាន់មានបច្ចេកទេសក្នុងការធ្វើទីផ្សារនៅមានកម្រិត មិនមានដៃគូវិនិយោគ អ្វីសំខាន់មិនមានទីផ្សារច្រើន ម្យ៉ាងផលិតផលមីមានច្រើននៅលើទីផ្សារ ទោះបីជាផលិតផលល្អកម្រិតណាក៏ដោយ បើមិនមានការធ្វើទីផ្សារទេពិតជាមានការពិបាក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោកបាន ឱ្យដឹងបន្ថែមថា លោកមិនមែនផ្អាកដោយសារការក្ស័យធននោះទេ តែក្រោយពីការផ្អាកបណ្តោះអាសន្ន លោកចង់សិក្សា រៀនសូត្របន្ថែមពីជំនាញ ការធ្វើអាជីវកម្ម ដើម្បីបង្កើតទំនាក់ទំនងដៃគូក្នុងការធ្វើជំនាញឡើងវិញ អ្វីដែលពិសេសគឺបំពេញចំណេះ បទពិសោធន៍បន្ថែមទៀត ដើម្បីជាការកែប្រែចំណុចខ្វះខាតដែលកើតឡើងពីមុនមក។


លោក ក៏បានបញ្ជាក់ដែរថា លោកមិនបោះបង់នូវមុខរបរមួយនេះទេ លោកនៅតែបន្តធ្វើ នៅពេលបើកដំណើរការវិញ លោកអាចមានផលិតនូវផលិតផលផ្សេងៗទៀតផងដែរ។ តែទោះជាយ៉ាងណាទាក់ទងការផ្អាកដំណើរការសិប្បកម្មនេះ លោកមិនទាន់ប្រាកដពីពេលជាក់លាក់ណាមួយ ដើម្បីបើកដំណើរការឡើងវិញនៅឡើយទេ។

គួរបញ្ជាក់ថា មីល្ពៅខេត្តបាត់ដំបងបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយអតីតនិស្សិតបរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តចំណីអាហារនៃសាកលវិទ្យាល័យខេត្តបាត់ដំបង។ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ម្ចាស់សិប្បកម្មផលិតសរសៃមីចេញពីផ្លែល្ពៅ លោក វ៉ាន់ គិមវ៉ាង បានប្រកាសលើហ្វេកបុកដោយផ្អាកសិប្បកម្មមួយនេះបណ្តោះអាសន្ន៕