ចិញ្ចឹមបង្កងអាមេរិកចាយដើមទុនក្រោម ១០០ដុល្លារ រកចំណូលបានមួយខែជិត៨០០ដុល្លារ

អាជីវកម្ម

បង្កងអាមេរិកបច្ចុប្បន្ននេះកំពុងមានទីផ្សារខ្លាំង ស្របពេលដែលតម្លៃឯណេះវិញក៏មានតម្លៃថ្លៃផងដែរ។ លោក អ៊ិន សំណាង ជាកសិករចិញ្ចឹមបង្កងរយៈពេល៣ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម៉្លេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ិន សំណាង ម្ចាស់កសិដ្ឋាន លក្ខណាបង្កង វាលស្បូវ បានប្រាប់ឧកញ៉ាញូស៍ថា «កំណើតដំបូងកសិដ្ឋានរបស់លោកគឺប្រើទុនក្រោម១០០ដុល្លារតែប៉ុណ្ណោះ ដោយលោកបានចាប់ផ្ដើមរៀនសូត្របច្ចេកទេសចិញ្ចឹមពីតាមបណ្ដារកសិដ្ឋាននានានិងតាមប្រព័ន្ធ YouTube ជាដើម»។

កសិករវ័យ ៥២ឆ្នាំរូបនេះ បានបន្តថា ការចិញ្ចឹមបង្កងនេះជាមុខរបរចិញ្ចឹមជីវិត ព្រោះលោក ស្រលាញ់ចូលចិត្ត ម្យ៉ាងមិនទុកដីឲ្យនៅទំនេរចោល និងការចិញ្ចឹមមិនប៉ះពាល់ដល់បរិស្ថានទៀតផង។ ការជ្រើសរើសចិញ្ចឹមបង្កងអាមេរិកព្រោះងាយស្រួលជាងបង្កងទឹកសាបហើយប្រមូលផលបានលឿនដោយចាយពេលតែ ៣ខែគឺអាចចាប់លក់បាន។

លោកសំណាង បានលើកឡើងថា ចំពោះការចិញ្ចឹមត្រូវគិតលើកត្តាទឹកជាចំបង ទឹកត្រូវមានកម្រិត PH អាស៊ីត សារធាតុរ៉ែ ត្រឹមត្រូវ បរិស្ថានជុំវិញ ស្អាតគ្មានជាតិពុល ។សម្រាប់លោកផ្ទាល់គឺចិញ្ចឹមបង្កងនេះក្នុងស្រះធម្មជាតិព្រោះឆាប់ធំធាត់លឿននិងមានរសជាតិឆ្ញាញ់ ក៏មានផងដែរនូវអាងចិញ្ចឹមជាអាងស៊ីម៉ង់ អាងជ័រ អាងធ្វើពីតង់ជាដើម។

ជាមួយគ្នានេះលោកបានបន្តថា កសិដ្ឋានរបស់លោកភាគច្រើនចិញ្ចឹមកូនលក់ជាងលក់សាច់ ដែលកសិដ្ឋានអាចចាប់លក់បានវិលជុំតែម្ដងជារៀងរាល់ខែ ដោយចំណូលជាប្រចាំទទួលបាន ៦០០ដុល្លារទៅ៧៥០ដុល្លារ។ដោយលក់បង្កងសាច់ ១គីឡូ២៧ដុល្លារ មេពូជ១គូរ ៣ដុល្លារ មេពង១ក្បាល៣.៥០ដុល្លារ កូន១គ្រាប់លក់រាយ ៧០០រៀល យកច្រើនពាន់ក្បាលតែ ៥៥០រៀល ។

លោកសំណាងបានគូសបញ្ជាក់ផងដែរថា ការចិញ្ចឹមបង្កងអាមេរិកបានជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិព្រោះ បើកាលណាកសិកររកចំណូលបានច្រើនពីការចិញ្ចឹមបង្កងនេះ កាត់បន្ថយភាពក្រីក្រនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន ក្នុងន័យនេះ កសិករគឺអាចជួយខ្លួនឯងបាន ជួយផលិត ជួយដាំដុះ កាត់បន្ថយការនាំចូលពីខាងក្រៅដែលជាបន្ទុករបស់រដ្ឋ។

ថ្មីៗនេះកសិដ្ឋាន លក្ខណាបង្កង វាលស្បូវ ក៏បានប្រកាសបង្រៀនស្ម័គ្រចិត្តនូវបច្ចេកទេសចិញ្ចឹមបង្កងនេះដោយឥតគិតថ្លៃផងដែរ ហើយពេលរៀនចប់មានការចែកជូនពូជបង្កង២០០កូនថែមទៀតផង ដែលជាឱកាសពិសេសសម្រាប់សិស្ស និស្សិត កសិករដែលចង់រៀនជំនាញនេះតែគ្មានលទ្ធភាពបង់ប្រាក់សិក្សារ។ ចំពោះមូលហេតុបង្រៀនដោយស្ម័គ្រចិត្តនេះ លោក អ៊ិន សំណាងបានបញ្ជាក់ហេតុផលថា លោកកើតមកជាកូនកសិករក្រីក្រ នៅពេលលោកបានចេះដឹងខ្លះៗហើយអាចមានលទ្ធភាពតិចតួច ក្នុងការចូលរួមជួយសង្គម លោកនឹងជួយ មុនពេលដែលលោកស្លាប់ទៅ។

ក្នុងរបរនេះលោកសង្ឃឹមយ៉ាងមុតមាំថាប្រជាកសិករជាច្រើននឹងងាកមកចិញ្ចឹមបង្កងនេះ ហើយមានអតិថិជន ជាតិនិងអន្តរជាតិជាច្រើនគាំទ្រ។ លោកក៏បានសំណូមពរ ដល់មន្រ្តីកសិកម្ម សុំជាកម្លាំងចិត្ត ស្វះស្វែងក្នុងការប្រឹក្សាយោបល់ ផ្តល់បច្ចេកទេសដល់កសិករដែលខិតខំដាំនិងចិញ្ចឹមព្រមទាំងជួយផ្សព្វផ្សាយនិងរកទីផ្សារឱ្យកសិករទាំងអស់គ្នា។លោកក៏បានស្នើដល់បងប្អូនប្រជាកសិករដែលមានដីធ្លី កុំទុកទំនេរចោល ព្យាយាមដាំដំណាំ ឬ ចិញ្ចឹមសត្វដើម្បីជីវភាពគ្រួសារនិងសង្គម។ ម្យ៉ាងសូមប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផលិតផលខ្មែរស្នាដៃរបស់ខ្មែរ ប្រសើរជាងទទួលទានផលិតផលនាំចូល។

គួរបញ្ជាក់ផងដែរថា កសិដ្ឋាន លក្ខណាបង្កង វាលស្បូវ មានទីតាំងនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕