ព្រះតេជគុណព្រះខេមាភិរ័ក ឈឿន តន់ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរព្រះអនុគណខណ្ឌបឹងកេងកង និងជាព្រះចៅអធិការវត្តមហាមន្ត្រី កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា បានផ្តល់នូវលិខិតថ្លែងអំណរគុណជូនចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ជាថ្នាក់ដឹកនាំ សមាជិក ព្រមទាំងជាតំណាងសមាគមឧកញ៉ាកម្ពុជា ដែលជាសប្បុរសជនបានចូលរួមឧបត្ថម្ភនូវទេយ្យទានជាអង្ករ បច្ច័យ ភេសជ្ជៈ និងទឹកបរិសុទ្ធជាដើមក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។
ការផ្តល់នូវលិខិតថ្លែងអំណរគុណ របស់ព្រះតេជគុណព្រះចៅអធិការវត្តមហាមន្ត្រី ជូនដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ជាថ្នាក់ដឹកនាំ អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា បានធ្វើឡើង បន្ទាប់ពីលោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំអនុប្រធាន សមាជិក សមាជិកាសមាគម អញ្ជើញចូលរួមក្នុងពិធីប្រគេន-ទទួល អង្ករ ទយ្យទាន និងបច្ច័យ ប្រគេនព្រះតេជគុណព្រះខេមាភិរ័ក ឈឿន តន់ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរព្រះអនុគណខណ្ឌបឹងកេងកង និងជាព្រះចៅអធិការវត្តមហាមន្ត្រី រួមទាំងមន្ត្រីសង្ឃវត្តក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ តាមលំអានប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរ កាលពីថ្ងៃទី២៧ ខែកញ្ញា។
សូមជម្រាបថា អង្ករ ទយ្យទាន សរុបមានចំនួន ១០តោន, បច្ច័យ ៣០លានរៀល និង ៧,៥០០ដុល្លារអាម៉េរិក, ភេសជ្ជៈ POWARAM ចំនួន ១០០កេស និងទឹកបរិសុទ្ធចំនួន ២០០កេស ជាការឧបត្ថម្ភពីសប្បុរសជនរបស់សមាគមឧកញ៉ាកម្ពុជា បានប្រគេនជូនព្រះចៅអធិការវត្តមហាមន្ត្រី ដើម្បីជាការរួមចំណែកដ៏សំខាន់ក្នុងការសម្រាល ការលំបាកខ្វះខាតរបស់ព្រះសង្ឃទាំង ៥១០អង្គ គណៈកម្មការវត្តយាយជីតាជី ២១នាក់ និងសិស្ស និស្សិត ដែលកំពុងស្នាក់នៅចំនួន ១៥១នាក់ ខណៈដែលវត្តអារាមដ៏ចំណាស់នេះ កំពុងខិតខំកសាងនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជាគុណប្រយោជន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ៕