លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគម និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈនិងអន្តរជាតិ ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលមានសមាសភាពសរុបចំនួន ១៨រូប ចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេសុី ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៥ និងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្នុងបេសកកម្មទាំងពីរនេះ គណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមនៅក្នុងកម្មវិធីសំខាន់ៗរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន, វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន, សន្និសីទអន្តរជាតិលើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» ក៏ដូចជាជំនួបផ្គូផ្គងធុរជនកម្ពុជា និងជប៉ុន ដែលត្រូវបានរៀបចំដោយសមាគមឧកញ៉ាកម្ពុជា សហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ផងដែរ។
នេះជាការបន្តបេសកកម្មការទូតក្រៅប្រទេស ដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព” នឹងផ្តោតលើការជំរុញការកសាង សហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៕




