នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា សៀ ឬទ្ធី បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងកម្មវិធីផ្គូផ្គងវិនិយោគជាមួយធុរជន និងថ្នាក់ដឹកនាំក្រុមហ៊ុនសំខាន់ៗរបស់ជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងពិភាក្សាការងារ ក៏ដូចជាផ្សព្វផ្សាយនូវព័ត៌មាន និងកាលានុវត្តន៍ភាពក្នុងវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា ដែលកំពុងរង់ចាំវិនិយោគិនពីគ្រប់ទិសទីជាពិសេសវិនិយោគិនជប៉ុន។

ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន នឹងមានប្រសិទ្ធភាពសម្រាប់លើកកម្ពស់ផលិតភាពក្នុងខ្សែច្រវាក់ផលិត ដោយធ្វើអានុភាវូបនីយកម្មគោលនយោបាយនានាពាក់ព័ន្ធនឹងវិនិយោគប្រកបដោយភាពអនុគ្រោះ សម្រាប់ជំរុញការវិនិយោគឱ្យកាន់តែមានប្រសិទ្ធផលសេដ្ឋកិច្ចខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ។ល។ ខណៈដែលកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំលើមូលដ្ឋានសំខាន់ទាំងបីគឺ៖ (១) ការតាំងទីនៅត្រង់ចំណុចកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានការអភិវឌ្ឍប្រកបដោយថាមវ័ន្ត, (២) ទីតាំងអំណោយផលក្នុងអភិក្រមអបធុរកិច្ចដែលរាជរដ្ឋាភិបាលបានកំណត់យកជាអភិក្រមធ្វើការរួមគ្នាជាមួយផ្នែកឯកជន សំដៅជំរុញក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដើម្បីវិបុលភាពរួម ព្រមទាំងគោលនយោបាយវិនិយោគផ្តោតលើអភិក្រមផ្តល់កិច្ចសម្រួលវិនិយោគកាន់តែងាយស្រួល សាមញ្ញ ឆាប់រហ័ស, និង (៣) ការផ្តល់កញ្ចប់លើកទឹកចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃ និងមានភាពប្រកួតប្រជែងជាមួយនឹងឧត្តមភាពប្រៀបធៀបខ្ពស់នៅក្នុងតំបន់ ហើយថែមទាំងផ្តល់នូវសេវាថែទាំគាំទ្រវិនិយោគដ៏កក់ក្តៅជូនដល់វិនិយោគិនថែមទៀតផង។
ជាមួយគ្នានេះ គណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ក៏បានជម្រាបជូនបណ្តាធុរជន និងវិនិយោគិនជប៉ុនអំពីតួនាទីរបស់សមាគមឧកញ៉ាកម្ពុជា ដែលជាដៃគូមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពពាណិជ្ជកម្ម និងជំរុញវិនិយោគសំដៅបង្កើតការងារជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ក៏បានលើកឡើងនូវបទពិសោធជាក់ស្តែង ក្នុងនាមជាធុរជនដែលកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអំពីលទ្ធផល ក៏ដូចជាកត្តាអំណោយផល បរិយាកាសវិនិយោគ និងសក្តានុពលនានាដែលប្រទេសកម្ពុជាមានទាំងលើវិស័យកសិពាណិជ្ជកម្ម ថាមពល និងទេសចរណ៍ជាដើម៕



