អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារអាម៉េរិក និងចេកអំបូងលឿង ៦០កេស ជូនកងទ័ពការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ការចូលរួមឧបត្ថម្ភថវិកានេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕