នៅព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា តុល លន សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ត្រី សំរិត ព្រី ដែលជាវីរៈយុទ្ធជនបានពលីជីវិតក្នុងសមរភូមិនៅភ្នំទ្រព្យ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីប្រយុទ្ធការពារបូរណភាពទឹកដីតទល់នឹងកងទ័ពឈ្លានពានសៀមដោយពិធីបុណ្យសពកំពុងប្រារព្ធធ្វើនៅគេហដ្ឋានស្ថិតក្នុងភូមិ កគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា តុល លន បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពចំពោះមរណភាពរបស់ អនុសេនីយ៍ត្រី សំរិត ព្រី ដែលជាកុលបុត្រខ្មែរមួយរូបប្រកបដោយវីរភាពដ៏អង់អាចក្លាហានពោរពេញដោយស្មារតីស្នេហាជាតិមាតុភូមិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ត្រី សំរិត ព្រី សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន៕




