អ្នកឧកញ៉ា គួន ធីតា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងគ្លីនិក Jeremiah’s Hope Clinic

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងគ្លីនិក Jeremiah’s Hope Clinic ក្រោមការយកចិត្តទុកដាក់ជាពិសេសពីថ្នាក់ដឹកនាំមន្ទីរពេទ្យ សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីលោកអ្នកឧកញ៉ាប្រធាន ជូនចំពោះវីរភាពកងទ័ពដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាព និងសេចក្តីសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាប្រកបដោយភាពអង់អាចក្លាហានជាទីបំផុត រួមទាំងបានប្រគល់ជូននូវថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនដល់យោធិនដែលកំពុងសម្រាកព្យាបាលរបួសផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គួន ធីតា ក៏ដូចជា អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ដែលបានចូលរួមក្នុងដំណើរចុះសួរសុខទុក្ខនេះបានជូនពរដល់វីរកងទ័ពទាំងអស់ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយ ដើម្បីវិលត្រលប់ទៅបំពេញការងារនាពេលដ៏ខ្លីខាងមុខ។

គួររំលឹកថា នាសប្តាហ៍កន្លងមក ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក៏បានចុះសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគផ្សេងៗជូនដល់ក្រុមគ្រួសារយោធិនពលីក្នុងសមរភូមិនាមូលដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ៕