ខេត្តហ្វូជៀន, សាធារណរដ្ឋប្រជាមានិតចិន៖ នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា ប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ចាវ ឡុង (Zhao Long) អភិបាលខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade – CIFIT) នៅទីក្រុងស៊ាមិន ខេត្តហ្វូជៀន ព្រមទាំងបានជម្រាបជូនអំពីសក្ដានុពលសំខាន់ៗរបស់ខេត្ត Fujian និងកិច្ចសហការសំខាន់ៗរវាងខេត្តហ្វូជៀន ទៅកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តមបានបន្ថែមថា តាមរយៈជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរកាលពីពេលថ្មីៗនេះរំពឹងថា កិច្ចសហការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងនិយាយដាច់ដោយឡែកចំពោះខេត្តហ្វូជៀន នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្មតែម្តង។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកបន្ថែមថាឆ្នាំ២០២៥នេះ ជាឆ្នាំទីពីរហើយដែលឯកឧត្តមបានចូលរួមក្នុងកម្មវិធី CIFIT ហើយក្នុងឱកាសនេះឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រុមហ៊ុនរបស់កម្ពុជាចំនួន១៧ មកចូលរួមផងដែរ ដើម្បីផ្ដល់ឱកាសផ្គូផ្គងវិនិយោគិនរវាងប្រទេសទាំងពីរ ខណៈដែល ចិនគឺជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា អាស្រ័យហេតុនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនដែលបន្តជំរុញឱ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជា ហើយឯកឧត្តមបានស្នើសុំឱ្យកិច្ចការងារនេះបន្តជំរុញធ្វើឱ្យបានកាន់តែច្រើនឡើងដើម្បីលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្ដាក់ទុននៅកម្ពុជា ពិសេសតាមរយៈកម្មវិធី CIFIT។
ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ រដ្ឋបាលខេត្តហ្វូជៀនក៏បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា និងប្រទេសផ្សេងៗទៀតដែលអញ្ជើញចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នេះផងដែរ៕










