ទីក្រុងហុងកុង, សាធារណរដ្ឋប្រជាមានិតចិន៖ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្តាក្រុមហ៊ុនធំៗនៅទីក្រុងហុងកុងដូចជា៖

១. ជំនួបជាមួយលោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sino Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគឈានមុខគេមួយរបស់ទីក្រុងហុងកុង ហើយបច្ចុប្បន្នក៏កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុននេះក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតទឹកផ្លែឈើ Yeo’s ដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្ដល់ការងារប្រមាណ ៥០០កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។
ក្រុមហ៊ុន Sino Group បានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR) ដើម្បីជំរុញឱ្យសុខុមាលភាពប្រជាជនកាន់តែល្អប្រសើរ ដោយអនុវត្តយុទ្ធសាស្ត្រចំនួនបីគឺ ការរស់នៅបៃតង ស្មារតីសហគមន៍ និងការរចនាប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅកម្ពុជា ដោយបានលើកទឹកចិត្តចូលរួមវិនិយោគឱ្យបានកាន់តែច្រើនក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ពិសេសលើវិស័យសុខាភិបាល មានជាអាទិ៍ការរៀបចំមន្ទីរពេទ្យចល័ត (Mobile Hospital) គាំទ្រការផ្ដល់សេវាសុខាភិបាលជូនប្រជាជនក្នុងតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។
២. ជំនួបជាមួយលោក Samuel Lau នាយកគ្រប់គ្រងក្រុមហ៊ុន Integrated Logistics Asia, KLN ដើម្បីពិភាក្សាផ្លាស់ប្ដូយោបល់ជុំវិញបច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុនក្នុងវិស័យភស្ដុភារកម្មនៅកម្ពុជា។ ក្នុងនោះលោក Samuel Lau បានលើកឡើងអំពីការមើលឃើញនូវឱកាសវិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជាគឺកាន់តែធំជាងមុន ក្រោយការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។ តាមរយៈកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន KLN ពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសសិក្សាលើការរៀបចំឃ្លាំង មណ្ឌលឡូជីស្ទីក ឬតំបន់សេដ្ឋកិច្ចពិសេស តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ។
៣. ជំនួបជាមួយលោក David Simmonds ប្រធានផ្នែកយុទ្ធសាស្រ្ត នៃក្រុមហ៊ុនថាមពល China Light and Power Holdings Limited (CLP) ដែលត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងតាំងពីឆ្នាំ១៩០១ ពោលគឺមានអាយុកាលប្រមាណជាង ១២៥ឆ្នាំ និងកំពុងវិនិយោគលើការផ្គត់ផ្គង់អគ្គិសនី និងថាមពលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន CLP កំពុងខិតខំចាប់យកឱកាសថ្មីៗដើម្បីពង្រីកខ្លួនស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងការវិវត្តរបស់ពិភពលោកដែលកំពុងអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន និងឌីជីថលូបនីយកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងជំរុញឱ្យការប្រើប្រាស់ថាមពលកកើតឡើងវិញរបស់កម្ពុជាឈានដល់ប្រមាណ៧០% នៃថាមពលសរុប ត្រឹមឆ្នាំ២០៣០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងជួយសម្របសម្រួលយ៉ាងពេញទំហឹងក្នុងករណីក្រុមហ៊ុន CLP Holdings Limited ចង់ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើថាមពលកកើតឡើងវិញ។
៤. ជំនួបជាមួយលោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៣២ ដោយ William Jardine និង James Matheson។ ក្រុមហ៊ុនបានពង្រីកខ្លួនទៅក្នុងវិស័យផ្សេងៗរួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម អចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ច វិស្វកម្ម និងហិរញ្ញវត្ថុ ដោយបានក្លាយជាសាជីវកម្មពហុជាតិចំណាស់ជាងគេ និងលេចធ្លោមួយក្នុងមូលដ្ឋានក្រុងហុងកុង។ ក្នុងជំនួបពិភាក្សានេះបានលើកឡើងនូវកម្មវត្ថុសំខាន់ៗមួយចំនួនអំពីសក្ដានុពលលើវិស័យអចលនទ្រព្យរបស់កម្ពុជាក៏ដូចជាបច្ចុប្បន្នភាពគោលនយោបាយ និងការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាផងដែរ។
















