សមាគមឧកញ៉ាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី “ការវិនិយោគលើវិស័យកសិកម្ម ប្រព័ន្ធតាមដានសត្វចិញ្ចឹម និងឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា” ដោយទទួលបានការគាំទ្រពីស្ថានទូតកាណាដាប្រចាំកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ អ្នកឧកញ៉ា គួន ធីតា អនុប្រធាន តំណាងឱ្យ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំកិច្ចពិភាក្សាតុមូលស្ដីពី “ការវិនិយោគលើវិស័យកសិកម្ម ប្រព័ន្ធតាមដានសត្វចិញ្ចឹម និងឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា” ដោយមានការចូលរួមអមពីអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះមានការចូលរួមពី ឯកឧត្ដម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងស្ថាប័នវិនិយោគតំបន់កេបិកនៃប្រទេសកាណាដា, អ្នកជំនាញ និងធុរជន/វិនិយោគិនកម្ពុជា និងកាណាដាជាច្រើនរូប។

កិច្ចពិភាក្សាតុមូលនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចដោយប្រើបច្ចេកវិទ្យាក្នុងការចិញ្ចឹមសត្វ និងឧស្សាហកម្មឈើកែច្នៃ ក្នុងគោលបំណងចូលរួមជំរុញតម្លាភាពខ្សែច្រវាក់តម្លៃនៃការចិញ្ចឹមសត្វ និងឧស្សាហកម្មឈើកែច្នៃ ការជ្រៀតចូលទៅកាន់ទីផ្សារ និងការកសាងភាពធន់ក្នុងវិស័យទាំងនេះ តាមរយៈការកសាងសមត្ថភាព និងផ្ដល់ដំណោះស្រាយតាមបច្ចេកវិទ្យាទំនើប រួមចំណែកដល់ការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ 

ជាកិច្ចចាប់ផ្ដើម អ្នកឧកញ៉ា គួន ធីតា បានថ្លែងសុន្ទរកថាស្វាគមន៍ដល់អង្គប្រជុំទាំងមូល និងបានលើកឡើងអំពីទិដ្ឋភាពទូទៅនៃវិស័យកសិកម្ម ដែលជាវិស័យស្នូលមួយដ៏សំខាន់រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះការចិញ្ចឹមសត្វ និងឧស្សាហកម្មកែច្នៃឈើក៏កំពុងមានការអភិវឌ្ឍ ប៉ុន្តែនៅក្នុងកម្រិតមួយទាបនៅឡើយ ដែលត្រូវការកិច្ចសហការ ការគាំទ្រ និងបច្ចេកវិទ្យាទំនើបមកជំរុញវិស័យទាំងនេះឱ្យកាន់តែល្អប្រសើរ តួយ៉ាងកិច្ចពិភាក្សាថ្ងៃនេះនឹងមានការធ្វើបទបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលបង្ហាញដោយវាគ្មិនជំនាញពីកាដាណាផងដែរ។

បន្ថែមលើនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ក៏បានជម្រាបជូនជាសង្ខេបដល់អង្គប្រជុំអំពីសាវតារ តួនាទីភារកិច្ចស្នូល និងសកម្មភាពសំខាន់ៗរបស់សមាគមឧកញ៉ាកម្ពជា ដែលជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅកម្ពុជា និងមានសមាជិកប្រកបដោយសក្តានុពលជាបណ្ដុំធុរជននិងវិនិយោគិនធ្វើការវិនិយោគលើចម្រុះវិស័យ។ 

ថ្លែងក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងក្នុងការរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង ដែលជាវេទិកាមួយនឹងជួយជំរុញដល់ការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីអ្វីដែលជាតម្រូវការជាក់ស្ដែងរវាងធុរជនកម្ពុជានិងកាណាដាក្នុងការធ្វើទំនាក់ទំនងធុរកិច្ច និងវិនិយោគរួមគ្នា។ ក្នុងនាមឯកឧត្ដមមានតួនាទីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឯកឧត្ដមសុំលើកទឹកចិត្ត និងផ្ដល់គាំទ្រពេញទំហឹងដល់ធុរជននិងវិនិយោគិននៃប្រទេសទាំងពីរ សម្រាប់កិច្ចសហការធុរកិច្ចនានា ជាពិសេសលើគម្រោងធុរកិច្ចក្នុងវិស័យខាងលើនេះឱ្យលេចចេញជារូបរាងឡើង។ 

សូមជម្រាបផងដែរថា កិច្ចពិភាក្សាតុមូលនេះត្រូវបានសហការរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន CANCAP GLOBAL ដោយមានការគាំទ្រពីស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Référence Systèmes (Québec, Canada)។ ការរៀបចំកិច្ចប្រជុំនេះឆ្លុះបង្ហាញឱ្យឃើញអំពីឆន្ទៈរវាងភាគីកម្ពុជានិងកាណាដា ក្នុងការបន្តរក្សាទំនាក់ទំនង និងការផ្លាស់ប្ដូរសកម្មភាពពាណិជ្ជកម្មទៅវិញទៅមកឱ្យកាន់តែសកម្មថែមទៀត បន្ទាប់ពីមានដំណើរទស្សនកិច្ចធុរកិច្ចក្រៅប្រទសរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្នុងការចូលរួមអម ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង “បេសកកម្មទាក់ទាញនិងជំរុញវិនិយោគ” នៅប្រទេសកាណាដា កាលពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤  និងពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលកន្លងមក។ 

លើសពីនេះ ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះត្រៀមរៀបចំ “កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦” នាពេលខាងមុខនេះ សមាគមឧកញ៉ាកម្ពុជា គ្រោងនឹងសហការជាមួយស្ថាប័ន Excellence Industrielle Siant-Laurent ដើម្បីរៀបចំជំនួបផ្គូផ្គងធុរកិច្ចដើម្បីផ្ដល់ឱកាសដល់ធុរជន/វិនិយោគិនកម្ពុជា និងកាណាដាក្នុងការស្វែងយល់គ្នា និងទាញយកផលប្រយោជន៍ធុរកិច្ចផងដែរ។