ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល បានដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា(ផ.អ.យ.អ.) ក្នុងឆ្នាំ២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើសពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផ.អ.យ.អ. ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ (២០២៣-២០២៤) ប៉ុន្តែជាការលើកកម្ពស់ការជជែកពិភាក្សា ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ និងកំណើននៃវិស័យអាទិភាពទាំងពីរនេះនាពេលខាងមុខ តាមរយៈកិច្ចពិភាក្សាដែលមានវាគ្មិនមកពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ លើប្រធានបទស្តីពី “ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្កើនការនាំចេញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក”។ 

កិច្ចពិភាក្សានេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបានធាតុចូល និងអនុសាសន៍ចាំបាច់បន្ថែមទៀត ជាមូលដ្ឋានតម្រង់ទិសក្នុងការដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តគន្លឹះថ្មីៗ សំដៅជំរុញការអភិវឌ្ឍវិស័យទាំងពីរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ព្រមទាំងពង្រីកភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលឥតឈប់ឈរនៃស្ថានភាពសេដ្ឋកិច្ចសកល។