ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី «ជំនួបសមាជិក និងពិសារភោជនាហារ នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា លើកទី១» នាថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា យោងតាមចំណាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានចេញ សជណ លេខ៣៥០ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យល់ព្រមដាក់ សមាគមឧកញ៉ាកម្ពុជាឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សំដៅជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា អនុលោមតាមព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា បានបញ្ញត្តិថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយរាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងរៀបចំឯកសណ្ឋានផ្លូវការរបស់គោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការជំរុញលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពផ្សេងទៀត ដើម្បីជាប្រយោជន៍ដល់ជាតិ។

























