នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាអមដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីលៀងសាយភាជន៍ នៃមហាសន្និបាត ២០២៦ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាពិសេសដោយបានកោតសរសើរចំពោះស្មារតីសហគ្រិនភាព និងការរួមចំណែកយ៉ាងសកម្មក្នុងសមាគម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅកម្ពុជាឱ្យកាន់តែរឹងមាំ។
ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់នូវការលើកទឹកចិត្ត និងអនុសាសន៍គន្លឹះៗដល់ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ និងថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាព និងសមត្ថភាព ដើម្បីក្លាយជាសសរទ្រូងនៃសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យអភិវឌ្ឍរបស់រាជរដ្ឋាភិបាល៕










