កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីបុណ្យវិសាខបូជាឆ្នាំនេះដែលប្រារព្ធឡើងជាផ្លូវការនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ភ្នំឧដុង្គ) ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំមួយ និងជាអតីតរាជធានីខ្មែរ ក្រោមអធិបតីភាពឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញា និងលោកជំទាវ ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ស្ថាប័ន និងពុទ្ធបរិស័ទជាច្រើនរូប។

ក្នុងពិធីនេះ គណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន និងរាប់បាត្រប្រគេនព្រះសង្ឃដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនផងដែរ។
សូមបញ្ជាក់ជូនថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏សំខាន់បំផុតសម្រាប់ព្រះពុទ្ធសាសនាដោយបានបង្ហាញពីការគោរពរំលឹកដល់ព្រឹត្តិការណ៍ធំៗនៃព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតម គឺថ្ងៃដែលព្រះអង្គប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន ដែលព្រឹត្តិការណ៍ទាំងបីនេះបានកើតឡើងចំថ្ងៃ ១៥កើតក្នុងខែពិសាខដូចគ្នា។









































