ឧកញ៉ា ជា ស៊ុនសុពណ៌ នាយកគ្រប់គ្រងក្រុមហ៊ុន អូហ្សេត ហ៊ែលឃែរ ខូអិលធីឌី ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជា។ នេះបើតាមការប្រកាសរបស់ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ។

សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ា។
សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគម ដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព និងការគោរពច្បាប់ជាធរមានរបស់គោរមវន្ត ដើម្បីរួមចំណែកថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ក៏ដូចជាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕

