គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជានឹងចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការប្រកាសព័ត៌មានបានបញ្ជាក់ថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា-អភិវឌ្ឍន៍កម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ប្រធានគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីអមដំណើរដូចតទៅ៖

១. អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមាន អ្នកឧកញ៉ា គួន ធីតា, អ្នកឧកញ៉ា សួរ វីរៈ, ឧកញ៉ា សូ សុខប៊ុនលីម, អ្នកឧកញ៉ា លី សុភាព, និងលោក លី ច័ន្ទវឌ្ឍនៈ សម្រាប់បេសកកម្មទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។

២. អ្នកឧកញ៉ា គួន ធីតា អនុប្រធាន និងជាប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមាន ឧកញ៉ា ម៉ៅ បញ្ចាពណ៌, ឧកញ៉ា សុង ឡឹកអ៊ី និងលោក តុង ចាក់ជឹង សម្រាប់បេសកកម្មទៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងបេសកកម្មនេះគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជានឹងចូលរួមនៅក្នុងកម្មវិធីសំខាន់ៗជាច្រើនរួមមាន៖ អង្គការ JETRO, វេទិកា Nikkei Forum: Future of Asia, ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន នៃសាធារណរដ្ឋកូរ៉េ, ទីភ្នាក់ងារ KOICA, សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ក៏ដូចជាបណ្តាថ្នាក់ដឹកនាំ នៃក្រុមហ៊ុនធំៗជាច្រើនទៀតនៅក្នុងប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម និង វិនិយោគព្រមទាំងកសាងទំនុកចិត្តបន្ថែមជាមួយសហគមន៍ធុរកិច្ចបរទេស។