នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល, តំណាងក្រសួងស្ថាប័ននានា, ស្ថាប័នតុលាការ, វិស័យឯកជន, អង្គទូត, អង្គការអន្តរជាតិ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ ៤០០នាក់។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី «ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា» នាថ្ងៃនេះ គឺការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលដើម្បីរួមគ្នាគិតគូរពីការរៀបចំ និងបញ្ចូលច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្មទៅជាក្រមពាណិជ្ជកម្មមួយដែលច្បាស់លាស់ មានសមានគតិភាព និងជួយទ្រទ្រង់ប្រសិទ្ធភាពនិងការលូតលាស់នៃធុរកិច្ច ដែលនឹងក្លាយជាចំណែកដ៏សំខាន់មួយនៃការកសាងបូរណភាពនៃប្រព័ន្ធច្បាប់ក៏ដូចជានីតិរដ្ឋនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់លើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ «ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច» របស់រាជរដ្ឋាភិបាល ហើយក្នុងទិសដៅពន្លឿនល្បឿននៃការងារកែទម្រង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ក្នុងឆ្នាំ២០២៤ ជាមួយនឹងការអនុម័តដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០២៥ ហើយគិតមកទល់ពេលនេះ សកម្មភាពកែទម្រង់ជាច្រើនត្រូវបានដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់ដោយរួមទាំងកិច្ចពិភាក្សាលើការរៀបចំក្រមពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០២៥ផងដែរ។
ទោះបីយ៉ាងណាក៏ដោយ ការរៀបចំក្រមពាណិជ្ជកម្មរបស់កម្ពុជា គឺជាគម្រោងរយៈពេលវែងមួយទាមទារការសិក្សាឱ្យបានស៊ីជម្រៅលើគ្រប់ទិដ្ឋភាពទាំងអស់ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំ និងតាក់តែងដោយត្រូវចាត់ទុកកិច្ចការនេះជាអាទិភាពមួយដែលត្រូវធ្វើឱ្យបានលឿនបំផុត ប៉ុន្តែធ្វើទៅតាមល្បឿនដែលអាចធ្វើទៅបាន ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងអាចអនុវត្តបានពេញលេញ ព្រមទាំងមានប្រយោជន៍។
ក្នុងឱកាសនេះ ឯកឧត្ដម វង្សី វិស្សុត បានលើកទឹកចិត្តអង្គសិក្ខាសាលាទាំងមូលឱ្យចូលរួមដោយសកម្ម និងស្មោះត្រង់ ក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលនូវការចេះដឹង បទពិសោធ និងធាតុចូលសំខាន់ៗ ដោយផ្ដោតជាពិសេសទៅលើ ទី១ វិធីសាស្ត្រនៃការរៀបចំក្រម ដោយត្រូវរៀនសូត្រពីប្រទេសផ្សេងៗផង ហើយក៏រៀនសូត្រពីប្រទេសខ្លួនឯងផង និងទី២ វិសាលភាពនៃក្រមនេះ ដោយត្រូវកំណត់ឱ្យបានសមស្រប តែមានភាពគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិផង និងតាមបរិបទនិងបទពិសោធរបស់កម្ពុជាផ្ទាល់ផងដែរ។


































