អបអរសាទរពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

នារសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំខែកក្កដា តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម​ឧកញ៉ាកម្ពុជា បានអញ្ជើញជាហត្ថលេខីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MoU) រវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ អ្នកឧកញ៉ា សៀ ឫទ្ធី, អ្នកឧកញ៉ា គួន ធីតា និងឧកញ៉ា កង លាប បានអញ្ជើញចូលរួមអមដំណើរ ព្រមទាំងមានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ដែលសុទ្ធសឹងជាវិនិយោគិន ធុរជន និងថ្នាក់​ដឹកនាំស្ថាប័នពាក់ព័ន្ធកម្ពុជា-សាធារណរដ្ឋកូរ៉េ មកពីវិស័យផ្សេងៗ ដើម្បីធ្វើជាសក្ខីភាពក្នុងពិធីដ៏មាន​សារៈសំខាន់នេះ។

ជាមួយគ្នានេះ លោក រ៉ូប៊ីន គីម ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា បានអញ្ជើញជាហត្ថលេខីតំណាងភាគីកូរ៉េ និងដឹកនាំគណៈប្រតិភូធុរជន ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ចូលរួមក្នុងកម្មវិធីផ្គូផ្គង​ទំនាក់ទំនង​ធុរកិច្ច (Business Networking) និងធ្វើជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​រវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគរបស់សហគ្រាសកូរ៉េនៅកម្ពុជា ជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងឱកាសធុរកិច្ច ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់ធនធាន សក្តានុពល និងបណ្តាញទំនាក់ទំនងរបស់ភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព។

ជាមួយនេះផងដែរ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាក្របខ័ណ្ឌដ៏សំខាន់សម្រាប់ពង្រឹងកិច្ច​សហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម រួមមាន ការគាំទ្រដល់ការចូលទីផ្សារ និងការបង្កើត​អាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មអាទិភាព ការរៀបចំ​វេទិកាធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងឱកាសវិនិយោគ ព្រមទាំងការសម្របសម្រួលលើគំនិត​ផ្តួចផ្តើមពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងការចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ស្របតាមបរិបទនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ដើម្បីបង្កើត​ឱកាសថ្មីៗជូនដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។