ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ឱ្យតំណាងសមាគមអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ «គ» ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមសហអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុមការងារ «គ» តំណាងភាគីរាជរដ្ឋាភិបាល និងឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «គ» តំណាងភាគីឯកជន។
កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈម និងសំណូមពរសំខាន់ៗរបស់វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិស័យសេវាកម្ម។ ប្រធានបទដែលបានលើកយកមកពិភាក្សារួមមាន ការកែលម្អនីតិវិធីអាជ្ញាបណ្ណ និងការវិនិយោគ ការចូលប្រើប្រាស់ប្រភពហិរញ្ញវត្ថុ ការអនុគ្រោះពន្ធសម្រាប់គម្រោងវិនិយោគ ការគាំទ្រខ្សែច្រវាក់ផលិតកម្មកសិកម្ម ការលើកកម្ពស់ស្តង់ដារផលិតផល ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រមទាំងការពង្រឹងបរិយាកាសធុរកិច្ច និងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។
បន្ទាប់ពីការពិភាក្សាយ៉ាងផុលផុស និងស្ថាបនា កិច្ចប្រជុំបានឯកភាពលើទិសដៅ និងវិធានការជារួម ដើម្បីបន្តដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបចំពោះសំណូមពររបស់វិស័យឯកជន ស្របតាមយន្តការនៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការធ្វើជាស្ពានតភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច ដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។









